ប្រាក់​ឈ្នួល​របស់​កម្មករ​​វិស័យ​កាត់ដេ​រ​សម្លៀកបំពាក់ និង​​​ផលិតផល​ស្បែកជើង នៅ កម្ពុជា សម្រាប់​ឆ្នាំ 2022

កម្មករ កម្មការិនី​ ចេញពី​ធ្វើ​ការ​ នៅ​រោង​ចក្រកាត់​ដេរ​មួយ​កន្លែង​ ក្នុង​ខណ្ឌ​មាន​ជ័យ​ ភ្នំ​ពេញ

បន្ទាប់ពី​បាន​ពិភាក្សាគ្នា 4 លើក របស់​ក្រុម​តំណាង​ត្រីភាគី ពុំមាន​លទ្ធផល ពោលគឺ​នៅ​រក្សា​ត្រឹម 192 ដុល្លារ/ខែ​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចុងក្រោយបង្អស់ ដោយ​បន្ថែម 2 ដុល្លារ​ទៀត ទៅលើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ បានឱ្យដឹងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​តំណាង​របស់​កម្មករនិយោជិត តំណាង​និយោជក និង​តំណាង​រាជរដ្ឋាភិបាល បាន​បើក​កិច្ចប្រជុំ​ជាច្រើនលើក ដើម្បី​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំក្រោយ ប៉ុន្តែ មិនបាន​ឯកភាពគ្នា​នោះទេ ដោយនៅ​រក្សា​តួលេខ​ចុងក្រោយរៀងៗខ្លួន។

ក្រសួង​ការងារ បាន​បន្ថែមថា ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បានសម្រេច​ចុងក្រោយបង្អស់ ដោយបាន​បន្ថែម 2 ដុល្លារ​ទៀត ទៅលើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ដូច្នេះ កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​វិស័យ​ផលិតផល​ស្បែកជើង នឹង​ទទួលបាន 194 ដុល្លារ/ខែ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង 192 ដុល្លារ/ខែ​សម្រាប់​កម្មករ​សាកល្បង រាប់​ចាប់ពី​ខែមករា ឆ្នាំ 2022។

ចំណែក​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗទៀត ត្រូវបាន​រក្សាទុក​នៅ​ដដែល។ ក្រសួង​បញ្ជាក់ថា ជា​មធ្យម កម្មករនិយោជិតម្នាក់ៗ នឹង​ទទួលបាន​ប្រាក់ខែ​យ៉ាងតិច​ពី 211 ដុល្លារ ដល់ 222 ដុល្លារ/ខែ នៅ​ឆ្នាំក្រោយ៕

Advertisement