ប្រទេស​ថៃ បើកទ្វារ​ព្រំដែន​ទទួលភ្ញៀវ​​ទេសចរ​ណ៍​បរទេស​

ប្រទេស​ថៃ នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 រួចរាល់ ពី​បណ្ដា​ប្រទេស​ដែលមាន «ហានិភ័យ​ទាប» ហើយ​ថា អ្នក​ទេសចរណ៍​នឹង​បាន​ដើរហើរ​ដោយ​សេរី បើសិន​លទ្ធផល​នៃ​ការធ្វើ​តេស្ត អវិជ្ជមាន។

នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha កាលពី​ម្សិលមិញ បានប្រកាស​គម្រោង​បើកទ្វារ​ប្រទេស​ឡើងវិញ​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ពី​បរទេស តាមផ្លូវ​អាកាស ចាប់ពី​ថ្ងៃទី 01 ខែវិច្ឆិកា ក្នុង​គ្រា​ដែល​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ ត្រូវ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វិធានការ​ទប់ស្កាត់ COVID-19។

«ប្រទេស​ថៃ នឹង​បើកទ្វារ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង និង​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ពី 10 ប្រទេស​ដែលមាន​ហានិភ័យ​ទាប។ ពួកគេ​ត្រូវមាន​លទ្ធផល​តេស្ត​អវិជ្ជមាន មុននឹង​ធ្វើដំណើរ​មក ហើយ​ត្រូវ​ធ្វើតេស្ត​ម្ដងទៀត នៅពេល​ចូលមក​ដល់​ប្រទេស។ បើសិន​មាន​លទ្ធផល​អវិជ្ជមាន ពួកគេ​អាច​ដើរហើរ​ដោយ​សេរី ដូច​ទៅនឹង​ពលរដ្ឋ​ថៃ» នាយករដ្ឋមន្ត្រី Prayuth ថ្លែង​ដូច្នេះ។

មេដឹកនាំ​ប្រទេស​ថៃ រូបនេះ ក៏បាន​ឱ្យដឹងថា ក្នុងចំណោម​ប្រទេស​ទាំង 10 ដែល ថៃ ចាត់ទុកថា មាន​ហានិភ័យ​ទាប ក៏មាន​ទាំង សហរដ្ឋ​អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់ និង សិង្ហ​បុរី ផងដែរ។ លោក Prayuth បញ្ជាក់ថា នៅ​ខែធ្នូ​ខាងមុខ នឹងមាន​ប្រទេស​ជាច្រើន​ទៀត ត្រូវបាន​បន្ថែម​ទៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដែលមាន​ហានិភ័យ​ទាប។

ទិដ្ឋភាព​ស្ងប់​ស្ងាត់​នៃ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​

កាលពីមុន​ការផ្ទុះ​ឆ្លង​រាលដាល COVID-19 ប្រទេស​ថៃ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត 40 លាន​នាក់​ជា​រៀងរាល់ឆ្នាំ។ វិស័យ​ទេសចរណ៍​កាន់កាប់​ប្រហែល 20% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ។ វិធានការ​ទប់ស្កាត់ COVID-19 បាន​បណ្ដាលឱ្យ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ទាំងមូល​របស់ ថៃ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​បាត់បង់​ប្រាក់ចំណូល​ប្រហែល 50 ពាន់​លាន​ដុល្លារ​អាម៉េរិក នៅពេល​តួលេខ​ភ្ញៀវ​បរទេស​ធ្លាក់ចុះ 83% ក្នុង​ឆ្នាំ 2020 មក​នៅត្រឹម 6.7 លាន​នាក់​ប៉ុណ្ណោះ។

បច្ចុប្បន្ន ប្រជាជន​ថៃ ប្រមាណ 48% បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស និង 30% បាន​ចាក់​រួចរាល់ (ពីរ​ដូ​ស)។

បច្ចុប្បន្ន ប្រទេស​ថៃ នៅតែមាន​អ្នក​ឆ្លង​ប្រហែល 10,000 នាក់ ជា​រៀងរាល់ថ្ងៃ ក្នុងនោះ ភាគច្រើន​គឺ​ករណី​ឆ្លង​វ៉ា​រ្យ៉​ង់ Delta។ ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 1.7 លាន​នាក់ ក្នុងនោះ​មាន​ជិត 18,000 នាក់ បាន​បាត់​បង់ជីវិត៕

Advertisement