លក់​កូនស្រី​​ដើម្បី​ដោះបំណុល ដោយ​សារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

ប្រជាជន​អាហ្វហ្គានីស្ថាន​ នាំ​គ្នា​រត់​រក​ផ្លូវ​ចាកចេញពី​ អាហ្វហ្គានីស្ថាន​ នៅ​ពេល​ តាលីបង់​ ត្រលប់​មក​កាន់​អំណាច​វិញ

(អា​ហ្វ​ហ្គា​នី​ស្ថាន)-ប្ដី​ប្រពន្ធ​មួយគូ​នៅ​ទីក្រុង Herat ត្រូវប្រគល់​កូនស្រី​អាយុ 3 ឆ្នាំ ទៅឱ្យ​ម្ចាស់បំណុល នៅក្នុង​ស្ថានភាព​គ្រោះ​ទុរភិក្ស​កំពុង​គ្របដណ្ដប់​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី តា​លី​បង់ បាន​ឡើង​ក្ដាប់​អំណាច។

ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ Saleha ដែលជា​ស្ត្រី​វ័យ 40 ឆ្នាំ មានការ​ងារ​ជា​អ្នក​បោស​សម្អាតផ្ទះ​នៅ​ទីក្រុង Herat ស្ថិតក្នុង​ភាគ​ខាងលិច​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏បាន​ខ្ចីប្រាក់​ពី​ម្ចាស់ផ្ទះ។ ស្ត្រី​ដែលមាន​កូន 6 នាក់​នេះ រកប្រាក់​បាន​ប្រហែល 70 សេន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈដែល​ប្ដី​របស់​នាង​មិនមាន​ការងារ​ធ្វើ។

នៅពេល​ខ្ទង់​បំណុល​បាន​កើន​ដល់ 550 ដុល្លារ​អាម៉េរិក គ្រួសារ​របស់ Saleha អស់​លទ្ធភាព​នឹង​សងបំណុល ហើយ​មានតែ​វិធី​តែមួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ នោះ​គឺ «លក់​កូនស្រី​អាយុ 3 ឆ្នាំ ឈ្មោះ Najiba ឱ្យទៅ​ម្ចាស់បំណុល»។

«បើសិនជា​ជីវភាព​នៅតែ​បន្ត​អាក្រក់​ដូច្នេះ​ទៀត ខ្ញុំ​នឹង​សម្លាប់​កូន ហើយ​សម្លាប់​ខ្លួនឯង។ ខ្ញុំ​មិនដឹងថា ល្ងាច​នេះ​យើង​នឹងមាន​អ្វី​ហូប​នោះទេ» អ្នកស្រី Saleha ឱ្យដឹង​ដូច្នេះ។

ប្ដី​របស់​អ្នកស្រី​គឺ​លោក Abdul Wahab និយាយថា៖ «ខ្ញុំ​នឹង​ខំ​រកប្រាក់​ដើម្បី​ជួយសង្គ្រោះ​កូនស្រី»។

ចំណែក​ម្ចាស់បំណុល​ឈ្មោះ Khalid Ahmad វិញ បាន​ប្រាប់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​កុមារី​អាយុ 3 ឆ្នាំនេះ ដើម្បី​ដោះស្រាយ​បំណុល។ ខ្ញុំ​ក៏​មិនមាន​ប្រាក់។ ពួកគេ​មិនទាន់​សង​ប្រាក់​មក​ខ្ញុំ ទើប​ខ្ញុំ​មិនមាន​ជម្រើស​ណា​ផ្សេង​ក្រៅតែពី​ការទទួលយក​ក្មេង​តូច​នេះ»។

កាលពី​ខែ​មុន កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (Unations Development Programme/UNDP) បាន​បញ្ជាក់ថា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ឆ្ពោះទៅកាន់ «គ្រោះ​ទុរភិក្ស​ទូទាំងប្រទេស» បន្ទាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​អំណាច។ ប្រធាន UNDP ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Kanni Wignaraja មានប្រសាសន៍ថា ក្នុង​រយៈពេល 1 ឆ្នាំ​ទៀត អត្រា​នៃ​ភាពអត់ឃ្លាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ឡើងដល់ 97-98%។

តា​លី​បង់ បាន​ក្ដាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុងខែ​សីហា ឆ្នាំ 2021 បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ដកទ័ព​ចេញពី​ប្រទេស​នេះ។ តា​លី​បង់ ក្រោយមក​ក៏បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ទៅជា អេ​មី​រ៉ា​ត​អ៊ីស្លាម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) ដែល​ឈ្មោះ​នេះ​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រា​ក្រុម​នេះ​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចន្លោះ​ពី​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។

ក្រោយពី សហរដ្ឋ​អាម៉េរិក បានធ្វើ​អន្តរាគមន៍​យោធា​កាលពី​ឆ្នាំ 2001 និង​បង្កើត​រដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​ក្រុម​ប្រទេស​លោកខាងលិច ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្គាល់​ភាពរុងរឿង​ផ្នែក​សេដ្ឋកិច្ច រួមទាំង​បង្កើន​ប្រាក់ចំណូល​បាន​ទ្វេដង ហើយ​វិស័យ​អប់រំ​ក៏​រីកចម្រើន​ផងដែរ។

ប៉ុន្តែ បន្ទាប់ពី តា​លី​បង់ ត្រលប់មក​កាន់អំណាច​វិញ សេដ្ឋកិច្ច​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ដាំ​ក្បាល​ចុះ និង​ស្ថិត​ក្បែរ​មាត់ជ្រោះ​មរណៈ នៅពេល​សាច់ប្រាក់​ជិត 10 ពាន់​លាន​ដុល្លារ​របស់​ធនាគារជាតិ​នៃ​ប្រទេស​នេះ ត្រូវ សហរដ្ឋ​អាម៉េរិក បង្កក៕

Advertisement