អា​រ៉ា​ប៊ី​សា​អូឌីត បើក​ការសាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» ប្រវែង​រាប់រយ​គីឡូម៉ែត្រ

ទីក្រុង​អនាគត​នៅលើ​សមុទ្រ​ខ្សាច់ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​រហូតដល់ មួយ​សែន​លាន​ដុល្លារ (100,000,000,000) មិន​ប្រើប្រាស់​រថយន្ត ហើយ​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​ស្អាត។

ព្រះអង្គម្ចាស់ Mohammed bin Salman របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ខែមករា ឆ្នាំ 2021 បានប្រកាស​ជា​លើកដំបូង​នូវ​គម្រោង​សាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» (The Line) ដែលមាន​ប្រវែង 170 គីឡូម៉ែត្រ។ បច្ចុប្បន្ន គ្រឿងចក្រ​នានា​កំពុងតែ​ដឹកជញ្ជូន​ដី និង​ជីក​ផ្លូវ​ក្រោម​ដី ទម្លុះ​ភ្នំ ដើម្បី​សាងសង់​ទីក្រុង​បណ្ដោយ​ត្រង់​បី​ជាន់ រួមមាន តំបន់​លើដី​សម្រាប់​មនុស្ស​ដើរ និង​ពីរ​ជាន់​នៅក្រោម​ដី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ និង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ។ Nadhmi Al-Nasr ដែលជា​អ្នកគ្រប់គ្រង​គម្រោង បានឱ្យដឹងថា នេះ​គឺជា​សំណង់​ដ៏​មហិមា។

ជំនួស​ឱ្យ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម និង​ពង្រីក​ទៅ​ទី​ជុំវិញ ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង កំពុង​ពិចារណា​លើ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម​ចំនួន​ពីរ ហើយ​សាងសង់​ឆ្ពោះទៅកាន់​តំបន់​កណ្ដាល។

ដោយ​លាតសន្ធឹង​ពី​ជួរ​ភ្នំ​នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដល់​សមុទ្រ​ក្រហម ទីក្រុង​បណ្ដោយ​ត្រង់ នេះ អាចឱ្យ​មនុស្ស​មួយ​លាន​នាក់​រស់នៅ​បាន ជាមួយនឹង​ការតភ្ជាប់​ដោយ​ផ្លូវ​ល្បឿន​លឿន និង​មធ្យោបាយ​ធ្វើដំណើរ​ស្វ័យប្រវត្ត​ជាច្រើន​ប្រភេទ។ សាលារៀន ភោជនីយដ្ឋាន ហាង និង​ទីតាំងផ្សេងៗ សុទ្ធតែ​ស្ថិតនៅលើ​រង្វង់​ដែល​មនុស្ស​អាច​ដើរ​ដល់​ក្នុង​រយៈពេល 5 នាទី និង​ពុំមាន​ទីតាំង​ណាមួយ​ដែល​ត្រូវធ្វើ​ដំណើរ​លើសពី 20 នាទី​នោះឡើយ។

ដោយសារ​តែមាន​រូបរាង​បណ្ដោយ​ត្រង់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សុទ្ធតែ​នៅក្រោម​ដី ដូច្នេះ ទីក្រុង​នេះ​ក៏​ជួយ​ការពារ​ធម្មជាតិ​នៅលើ​ដី​បាន 95% ផងដែរ។ ប្រជាជន​អាច​ចូលមក​រស់នៅក្នុង​ទីក្រុង​ថ្មី​នេះ​ចាប់ពី​ឆ្នាំ 2024។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត វិនិយោគ​ប្រមាណ​ពី មួយ​សែន​លាន ទៅ​ពីរ​សែន​លាន​ដុល្លារ សម្រាប់​ការសាងសង់​ទីក្រុង​បណ្ដោយ​ត្រង់នេះ។ តាម​ផែនការ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ថ្មី​ដល់​មនុស្ស​ចំនួន 380,000 នាក់ និង​ជួយ​ឱ្យ GDP របស់​ប្រទេស​នេះ​កើន​បន្ថែម​ប្រមាណ 48 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2030។

ទីក្រុង​បណ្ដោយ​ត្រង់នេះ​គឺជា​គម្រោង​ដំបូង​មួយ​ដែល​ស្ថិតក្នុង​គម្រោង​មេ Neom ដែលជា​មហា​ទីក្រុង​ស្វយ័ត​មួយ​មានតម្លៃ 5 សែន​លាន​ដុល្លារ គ្របដណ្ដប់​លើ​ផ្ទៃដី 25,900 គីឡូម៉ែត្រ​ក្រឡា នៅក្នុង​ខេត្ត Tabuk របស់ អា​រ៉ា​ប៊ី​សា​អូឌីត ជិត​ព្រំដែន​នៃ ប្រទេស​ហ្ស៊​កដា​នី និង ប្រទេស​អេ​ហ្ស៊ី​ប។ Neom គឺជា​មហា​គម្រោង​ប្រកបដោយ​មហិច្ឆតា​ដែល​អាចជួយ អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ការពឹង​ផ្អែកលើ​រ៉ែ​ប្រេង និង​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដូច​ទៅនឹង​ជ្រលង​ភ្នំ Silicon នៅ សហរដ្ឋ​អាម៉េរិក។

ទីក្រុង​នេះ​នឹង​ប្រើប្រាស់​តាក់ស៊ី​ហោះ រ៉ូ​បូត​ដាយ​ណូ​ស័​រ និង​ភោជនីយដ្ឋាន​កម្រិត​ផ្កាយ Michelin ខ្ពស់បំផុត​ក្នុង​ពិភពលោក។ តំបន់​នេះ​នឹង​ត្រូវបាន​ប្ដូរផ្លាស់​ដោយ​ការប្រើប្រាស់​ម៉ាស៊ីន​បង្កើត​ភ្លៀង។ Neom ក៏​នឹងមាន​ឧទ្យាន​ផ្កាថ្ម​ធំ​បំផុត​ក្នុង​លោក ខ្សាច់​បញ្ចេញ​ពន្លឺ និង​ព្រះ​ចន្ទ​សិប្បនិម្មិត​ដ៏​ធំ​ដែល​ភ្លឺ​នៅពេល​យប់។ មហា​ទីក្រុង​នេះ​នឹង​ប្រើ​ថាមពល​ដែល​បាន​ពី​ខ្យល់ ពី​ព្រះអាទិត្យ និង​បច្ចេកវិទ្យា​ទំនើប​ប្រែក្លាយ​ទឹក​ឱ្យទៅជា​អុកស៊ីសែន និង​អ៊ីដ្រូសែន ដើម្បី​ប្រើប្រាស់​ជំនួស​ប្រេងឥន្ធនៈ៕

Advertisement