សេដ្ឋកិច្ច​​របស់​ សហរដ្ឋ​​អាម៉េរិក​ ​ឆ្នាំ ​២០២១​ មាន​​កំណើន​​ខ្ពស់​បំផុត​​ក្នុង​អំឡុង​ ៤០ ​ឆ្នាំ​​កន្លង

ទិដ្ឋភាពនៅកំពង់ផែ Oakland ក្នុងតំបន់ Oakland នៃរដ្ឋ California កាលពីខែតុលា ២០២១

សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក បាន​ងើបឡើង​មកវិញ ដោយមាន​កំណើន​ជិត ៦% ក្នុង​ឆ្នាំ ២០២១ ដែល​នេះ​គឺជា​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ​យ៉ាង​លឿន បន្ទាប់ពី​បាន​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ ២០២០។ នេះ​គឺជា​ព័ត៌មាន​ដែល​ទើបតែ​ត្រូវបាន រដ្ឋាភិបាល​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២៧ មករា ២០២២។

យោងតាម​ការ​គណនារ​បស់ ក្រសួងពាណិជ្ជកម្ម​អាម៉េរិក កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ ២០២១ របស់​ប្រទេស​នេះ គឺ ៥.៧% ដែលជា​កំណើន​ខ្ពស់បំផុត​រាប់​ចាប់តាំងពី​ឆ្នាំ ១៩៨៤។ ប្រការនេះ​បានបង្ហាញ​អំពី​ការ​ងើបឡើង​វិញ​យ៉ាង​លឿន ព្រោះថា កាលពី ១ ឆ្នាំមុន​នោះ សេដ្ឋកិច្ច​អាម៉េរិក ដាំ​ក្បាល​ចុះ ៣.៤% ដែលជា​ការធ្លាក់ចុះ​ជ្រៅ​បំផុត​ក្នុងអំឡុង ៧៤ ឆ្នាំ​កន្លង។

កំណើនសេដ្ឋកិច្ច​អាម៉េរិក មួយ​ភាគ​ធំ​អាស្រ័យ​លើ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ចធំៗ និង​គោលនយោបាយ​ការប្រាក់​ទាប​របស់​រដ្ឋា​ភិ​បាល។ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​បាន​ថយចុះយឺតៗមកវិញ​កាលពី​ចុងឆ្នាំ ២០២១ នៅពេល សហរដ្ឋ​អាម៉េរិក ប្រឈម​នឹង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដែល​បាន​បណ្ដាលឱ្យ​ការចំណាយ​មានការ​កាត់បន្ថយ ខណៈដែល​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​មួយចំនួន​ក៏ត្រូវ​រំខាន៕

Advertisement