ប្រទេស​ចិន អាច​​នឹង​មិន​​បាន​ក្លាយ​​ជា​ «មហា​​យក្ស​​សេដ្ឋ​កិច្ច​​ទី​មួយ​​របស់​​ពិភព​លោក»!​ នេះ​​ជា​​មូលហេតុ​…

វិបត្តិ​បំណុល ការដាក់​ខ្លួន​ឱ្យដាច់​ដោយឡែក​ពី​ខាងក្រៅ និង​ចំនួន​ប្រជាជន​ចេះតែ​ថយចុះ គឺជា​កត្តា​ដែល​អាច​ក្លាយជា​ឧបសគ្គ​ដែល​រារាំង ចិន នៅលើ​វិថី​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​ទីមួយ​របស់​ពិភពលោក។

បើតាម​និន្នាការ​បច្ចុប្បន្ន ប្រទេស​ចិន នឹង​យកឈ្នះ សហរដ្ឋ​អាម៉េរិក ហើយ​ដណ្ដើមបាន​តំណែង​លេខ ១ នៅក្នុង​ចំណោម​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ចពិភពលោក ក្រោយ​រយៈពេល​ប្រហែល ១ ទសវត្សរ៍​ទៀត។ ក៏ប៉ុន្តែ ពុំមាន​អ្វីដែល​អាច​ធានាបាន​នូវ​ការរំពឹងទុក​នេះ។

យោងតាម Bloomberg កត្តា​ដែល​បាន​និយាយ​ខាងដើម អាចធ្វើឱ្យ ប្រទេស​ចិន នៅតែ​ឈរ​លំដាប់​លេខ ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។ Bloomberg Economics បាន​បង្កើត​រូបមន្ត​ស្ដីពី សេណា​រី​យ៉ោ ចំនួន ៣ ដែល​អាច​កើតមានឡើង​នៅ ប្រទេស​ចិន។

សេណា​រី​យ៉ោ ទីមួយ គឺជា សេណា​រី​យ៉ោ ដែល​អាចទៅរួច​សម្រាប់ ប្រទេស​ចិន៖ ប្រទេស​នេះ​នឹង​យកឈ្នះ​លើ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ ២០៣០។

កំណែទម្រង់​ថ្មី និង​ការច្នៃប្រឌិត គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន និង​ដោយមាន​ប្រភព​វិនិយោគ​ធំ​សម្រាប់​វិស័យ​ស្រាវជ្រាវ អភិវឌ្ឍ​ជាដើម ប្រទេស​ចិន កំពុងតែ​លេចធ្លោ​ជាងគេ​បង្អស់។ ដូច្នេះ ចិន មានលទ្ធភាព​អាច​ផ្ដួល អាម៉េរិក ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទីមួយ​ក្នុង​ពិភពលោក។

ទិដ្ឋភាព​នៅ​រោង​ចក្រ​មួយ​ក្នុង​ប្រទេស​ចិន​

សេណា​រី​យ៉ោ ទី​ពីរ គឺ​វិបត្តិ​ហិរញ្ញវត្ថុ។ នៅពេលដែល ប្រទេស​ជប៉ុន ស្វែងរក​វិធី​ដើម្បី​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​នាំមុខគេ ប្រទេស​នេះ​បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​បំណុល។ ប្រការ​ដូចគ្នានេះ​ក៏​អាច​កើតឡើង​ចំពោះ ប្រទេស​ចិន។ ស្ថានភាព​បំណុល​កើនឡើង​ខ្ពស់​ចាប់តាំងពី​ឆ្នាំ ២០០៨ នៅ ប្រទេស​ចិន គឺជា​សញ្ញា​ប្រកាសអាសន្ន​កម្រិត​ពណ៌​ក្រហម។

បណ្ដា​ខឿនសេដ្ឋកិច្ច​ជឿនលឿន​ដូចជា សហរដ្ឋ​អាម៉េរិក ជាដើម មាន​បំណុល​ខ្ពស់ ប៉ុន្តែ ពួកគេ​បាន​ឈានដល់​ដំណាក់កាល​រកចំណូលបាន​ក្នុង​កម្រិត​ខ្ពស់។ ឥណ្ឌា និង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប បង្កលក្ខណៈ​ងាយស្រួល​ដើម្បី​អភិវឌ្ឍ និង​រីកចម្រើន។ ចំណែក​ចំណូល​ទាប និង​បំណុល​ខ្ពស់​របស់ ចិន ធ្វើឱ្យ​ប្រទេស​នេះ ធ្លាក់​ទៅក្នុង​ស្ថានការណ៍​លំបាក។

ករណី​វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន Evergrande Group និង​បញ្ហា​ជាច្រើន​ដែល​កើត​ឡើងលើ​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ ប្រទេស​ចិន បាន​បង្ហាញថា ប្រទេស​នេះ​មាន​គ្រឹះ​មិន​រឹងមាំ។ លទ្ធផល​គឺថា ចិន អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ធ្វើឱ្យ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ត្រូវ​ថយចុះ នាំឱ្យ​ជាប់​នៅក្នុង​លំដាប់​ទី​ពីរ​ដដែល។

សេណា​រី​យ៉ោ ទី​បី គឺ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ។ មិនចាំបាច់​មាន​វិបត្តិ​ហិរញ្ញវត្ថុ ក៏​ការ​លោត​ឡើង​របស់ ចិន នៅតែ​អាច​ត្រូវបាន​បន្ថយល្បឿន។ ការរួម​ផ្សំ​រវាង​កត្តា​មួយចំនួន​ដូចជា ការដាក់​ខ្លួន​ដោយឡែក​ពី​ពិភព​ខាងក្រៅ ឧបសគ្គ​ទាក់ទង​នឹង​ប្រជាសាស្ត្រ និង​ចំណុច​អវិជ្ជមាន​ក្នុងការ​គ្រប់គ្រង អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដូចគ្នា។

សង្គ្រាមពាណិជ្ជកម្មរវាង ចិន-អាម៉េរិក លែងនៅជារឿងក្ដៅគគុកដូចមុន

សង្គ្រាម​ពាណិជ្ជកម្ម​រវាង ចិន-អាម៉េរិក លែង​នៅ​ជា​រឿង​ក្ដៅគគុក​ដូច​មុន ប៉ុន្តែ អត្រាពន្ធ​ដែល អាម៉េរិក អនុវត្ត​ចំពោះ ប្រទេស​ចិន នៅតែ​ខ្ពស់។ ស្ថានការណ៍​នៃ​ការដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​ពី​អន្តរជាតិ ពិសេស​គឺ​បញ្ហា​ដែល​កើតឡើង​ដោយសារ កូ​វីដ-១៩ បូករួម​នឹង​រនាំង​នៃ​ទីផ្សារ​សកល និង​បច្ចេកវិទ្យា អាច​កាត់បន្ថយ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់ ប្រទេស​ចិន បានដែរ។

ចិន មាន​កម្មវិធី​វិបុលភាព​រួម ក្នុង​បំណង​ដោះស្រាយ​បញ្ហា​វិសមភាព​នានា​នៅក្នុង​ទីផ្សារ ប៉ុន្តែ វា​ក៏​ជាការ​សំពង​មួយ​យ៉ាងធ្ងន់ធ្ង​ន់​ទៅលើ​វិនិយោគិន។

ការបញ្ចប់​គោលនយោបាយ​កូន​មួយ​គឺជា​ក្ដីសង្ឃឹម​របស់ ប្រទេស​ចិន ប៉ុន្តែ ចំនួន​ប្រជាជន​ក្នុង​វ័យ​ពលកម្ម​ដែល​ចេះតែ​ថយចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នឹង​ជា​កម្លាំង​រារាំង​ដល់​កំណើនសេដ្ឋកិច្ច។

ជា​លទ្ធផល ប្រទេស​ចិន អាច​ធ្លាក់​ចូលទៅក្នុង​ផ្លូវ​ដែលមាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​បច្ចុប្បន្ន ហើយ​ត្រូវ​ដេញតាម​ឱ្យទាន់ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ មិនអាច​តាម​ពីក្រោយ​ក្នុង​គម្លាត​ឆ្ងាយ៕

Advertisement