ទណ្ឌកម្ម​បច្ចុប្បន្ន​ដែល​បស្ចិម​លោក​ដាក់​លើ រុស្ស៊ី មានតម្លៃ​ប៉ុន្មាន​ដុល្លារ?

ក្រោយពី​បានចាប់ផ្ដើម​ចូល​ឈ្លានពាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន ទណ្ឌកម្ម​យ៉ាង​មហិមា ដែល​ត្រូវបាន​គេ​យល់ថា មិន​ធ្លាប់មាន​ពីមុនមក ត្រូវបាន​លោកខាងលិច ដាក់​លើ ប្រទេស​រុស្ស៊ី។

ទណ្ឌកម្ម​របស់ បស្ចិម​លោក បច្ចុប្បន្នកំពុង​រុញច្រាន​សេដ្ឋកិច្ច​របស់ រុស្ស៊ី ធ្លាក់​ទៅក្នុង​វិបត្តិ។ ក្រុមអ្នកវិភាគ​វាយតម្លៃថា ពុំ​ធ្លាប់មាន​ឡើង​ដែល​សេដ្ឋកិច្ច​មួយ​ដ៏​ធំ​សម្បើម និង​មាន​សារសំខាន់​នៅ​ទូទាំង​ពិភពលោក​ដូច រុស្ស៊ី បែរ​ក្លាយទៅជា​គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដូច្នេះ។

ក្រុមមន្ត្រី​នៃ​បណ្ដា​ប្រទេស​លោកខាងលិច ពន្យល់ថា យុទ្ធសាស្ត្រ​របស់​ពួកគេ​គឺជា​សង្គ្រាម​សេដ្ឋកិច្ច ដើម្បី​ពិន័យ​លើ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូន​ទីន និង​ដាក់ ប្រទេស​រុស្ស៊ី ឱ្យនៅ​ឯកា បើទោះជា​អាច​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​បំបែក «ស្រទាប់​ការពារ» របស់ «បន្ទាយ​សេដ្ឋកិច្ច» ដែល រុស្ស៊ី បាន​បង្កើតឡើង។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង Bruno Le Maire កាលពី​ថ្ងៃទី ១ មីនា បានឱ្យដឹងថា ជា​សរុប បណ្ដា​ទណ្ឌកម្ម​ដែល​បាន​ដាក់ចេញ កំពុង​បង្កក​ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី ជិត ១ លាន​លាន​ដុល្លារ​អាម៉េរិក (១ ទ្រី​លាន​ដុល្លារ)។

ប៉ុន្តែ គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច ទំនងជា​ជួប​ឧបសគ្គ​ច្រើន។ បច្ចុប្បន្ន អឺរ៉ុប ទិញ​ឧស្ម័ន​ធម្មជាតិ ៤០% និង ប្រេង ២០% ពី ប្រទេស​រុស្ស៊ី។ ដូច្នេះ ការអាក់ខាន​ណាមួយ​ក៏​នឹង​ធ្វើឱ្យ​ឥន្ធនៈ​ទូទាំង​សកលលោក​ឡើងថ្លៃ​ខ្ពស់​បន្ថែមទៀត។

យ៉ាងនេះ​ក្ដី Oliver Allen ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ Capital Economics បានឱ្យដឹងថា «បើសិន រុស្ស៊ី នៅតែ​រក្សា​ទិសដៅ​ដូច​បច្ចុប្បន្ន ទណ្ឌកម្ម​សព្វថ្ងៃ​អាច​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ​នៅក្នុង​យន្តការ​នៃ​ការ​កាត់ផ្ដាច់​តំណ​ភ្ជាប់​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់ រុស្ស៊ី ជាមួយ​ពិភពលោក»។

វិធានការ​ខាងលើ​អាចធ្វើឱ្យ GDP របស់ រុស្ស៊ី ថយចុះ ៦% នេះ​បើតាម Oxford Economics។ ចំណែក​មន្ត្រីជាន់ខ្ពស់រ​បស់ អាម៉េរិក មួយរូប​ថ្លែងថា៖ «និយាយ​ឱ្យ​សាមញ្ញ យុទ្ធសាស្ត្រ​របស់​យើង​គឺ ធានាថា សេដ្ឋកិច្ច​របស់ រុស្ស៊ី ត្រូវបាន​អូស​ទម្លាក់​ចុះ បើសិនជា ប្រធានាធិបតី ពូ​ទីន នៅតែ​បន្តសកម្មភាព​ដូច​បច្ចុប្បន្ន​នៅ អ៊ុយ​ក្រែ​ន»៕

Advertisement