អង្គការ​ថាមពល​អន្ត​រ​ជាតិ ផ្ដល់​អនុសាសន៍​សម្រាប់​ទប់​ទល់នឹង​ស្ថានការណ៍​ប្រេង​ឡើងថ្លៃ៖ ចូរ​ធ្វើការ​ពី​ផ្ទះ និង​បើកបរ​យឺត​ជាង​មុន ដើម្បី​សំច័យ​ប្រេងសាំង

ទាំង សហរដ្ឋ​អាម៉េរិក ទាំង អឺរ៉ុប សុទ្ធតែ​មិនអាច​ស្មាន​ដល់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បាន និង​កំពុង​កើតឡើង​ដោយសារ​ការ​ដាច់​ចង្វាក់​ផ្គត់ផ្គង់​ប្រេង​ដោយសារ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។

សារព័ត៌មាន CNN បានឱ្យដឹងថា អង្គការ​ថាមពល​អន្ត​រ​ជាតិ (International Energy Agency-IEA) ថ្មីៗនេះ​បាន​ស្នើឱ្យ​បណ្ដា​ប្រទេស​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងសាំង នៅក្នុង​គ្រា​ដែល​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង​កំពុង​កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់។

ជាក់ស្ដែង IEA បាន​លើកសំណើ​ផែនការ ១០ ចំណុច​ចម្បង ដែល​ក្នុងនោះ​មាន ៣ ចំណុច​គួរឱ្យ​ចាប់អារម្មណ៍ រួមមាន ការបន្ថយ​ល្បឿន​យ៉ាងហោច ១០ គីឡូម៉ែត្រ/ម៉ោង សម្រាប់​ល្បឿន​យឺត​បំផុត​លើផ្លូវ​ល្បឿន​លឿន, ការស្នើ​ឱ្យធ្វើ​ការ​ពី​ផ្ទះ​យ៉ាងតិច ៣ ថ្ងៃ/សប្ដាហ៍ និង​ការហាម​រថយន្ត​ចូលក្នុង​ទីក្រុង​ក្នុង​ថ្ងៃអាទិត្យ។

យោងតាម IEA សំណើ​ទាំងឡាយ​នោះ បើសិន​ត្រូវបាន​បណ្ដា​ប្រទេស​លោកខាងលិច​ដូចជា អាម៉េរិក និង អឺរ៉ុប អនុវត្ត នោះ​វា​អាចជួយ​កាត់បន្ថយ​បាន ១/៣ នៃ​ការពឹង​ផ្អែកលើ​បរិមាណ​ប្រេង​របស់ រុស្ស៊ី នាបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ IEA ក៏បាន​ស្នើឱ្យ​បង្កើន​ការអភិវឌ្ឍ​កម្មវិធី​ហៅ​រថយន្ត ជំរុញ​វិស័យ​រថភ្លើង​ល្បឿន​លឿន នាវា​រត់​ពេលយប់ កាត់បន្ថយ​សកម្មភាព​ក្នុង​វិស័យ​អាកាសចរណ៍ បន្ថយ​ជើងហោះហើរ​ពាណិជ្ជកម្ម ពង្រីក និង​បង្កើន​ចំនួន​ផ្លូវ​ក្នុង​ក្រុង​សម្រាប់​ថ្មើរជើង ផ្លូវ​សម្រាប់​កង់ ឬ​បណ្ដា​មធ្យោបាយ​សាធារណៈ​ដទៃទៀត។

ជាមួយនឹង​វិធានការ​ខាងលើ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប នឹង​អាច​សំច័យ​ប្រេងសាំង​បាន​ប្រហែល ២.៧ លាន​ធុង/ថ្ងៃ ក្នុង​រយៈពេល ៤ ខែ​ខាងមុខ ដែល​នេះ​ស្មើនឹង​បរិមាណ​ប្រេងសាំង​របស់​រថយន្ត​ទំនើប​ទាំងអស់​នៅ ប្រទេស​ចិន។

ទន្ទឹមនឹងនេះ បើសិនជា​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេងសាំង​ច្រើន​ដូចជា ចិន និង ឥណ្ឌា ធ្វើតាម​អនុសាសន៍​ខាងលើ នោះ​ស្ថានការណ៍​នឹង​កាន់តែ​ល្អប្រសើរ​ជាងនេះទៅទៀត៕

Advertisement