World Bank ព្យាករ​ថា សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជាប់​ពាក់ព័ន្ធ​​ទៅ​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថយ​ចុះ​​រាប់​សិប​​ភាគ​រយ​ ក្នុង​ឆ្នាំ​នេះ

ធនាគារពិភពលោក (World Bank) ព្យាករ​ថា សេដ្ឋកិច្ច​របស់ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ធ្លាក់ចុះ ៤៥.១% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង​ប្រទេស​នេះ និង រុស្ស៊ី។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ធនាគារពិភពលោក កាលពី​ថ្ងៃទី ១០ មេសា បានឱ្យដឹងថា សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន អាច​នឹង​ថមថយ ៤៥.១% ក្នុងឆ្នាំនេះ ព្រោះតែ​សង្គ្រាម​បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ត្រូវ​បិទទ្វារ កាត់បន្ថយ​ការនាំចេញ និង​បំផ្លាញ​សក្ដានុពល​នៃ​ផលិតភាព។ នេះ​គឺជា​ការវាយតម្លៃ​ថ្មី​បំផុត​របស់ ធនាគារពិភពលោក ស្ដីពី​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

World Bank ក៏បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ឆ្នាំ ២០២២ របស់ រុស្ស៊ី នឹង​ថយចុះ ១១.២% ​ដោយ​សារតែ​​ត្រូវ​​រង​ទណ្ឌកម្ម​ពី អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច។

គំនរបាក់​បែក​ដោយ​សារ​សង្គ្រាម​ នៅ​ អ៊ុយក្រែន

ចំណែក​តំបន់​អឺរ៉ុប​ខាងកើត រួមមាន អ៊ុយ​ក្រែ​ន, បេឡា​រូស និង ម៉ុ​ល​ដាវី ត្រូវបាន World Bank ព្យាករ​ថា GDP នឹងត្រូវ​ថយចុះ ៣០.៧% ក្នុងឆ្នាំនេះ​ដែរ ព្រោះតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​រអាក់រអួល​នៃ​ពាណិជ្ជកម្ម។

កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ដើម្បី​ឆ្លើយតប​នឹង​សំណើសុំ​ជំនួយ​របស់​ក្រុម​មេដឹកនាំ​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។ ការធ្វើ​សង្គ្រាម​នេះ ត្រូវបាន ទីក្រុង​មូ​ស្គូ ពន្យល់ថា គឺ​ដើម្បី​ធ្វើឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​ប្រទេស​អព្យាក្រឹត។ ក្រោយពី​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី ក៏​ចាប់ផ្ដើម​រង​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ពី​សំណាក់​បណ្ដា​ប្រទេស​លោកខាងលិច។

Advertisement