រុស្ស៊ី អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​​ក្រុម​ BRICS, EAEU, SCO បោះ​បង់​​រូបិយ​វត្ថុ​​ដុល្លារ​​អាម៉េរិក​ និង​​ប្រាក់​​អឺរ៉ូ

ប្រទេស​រុស្ស៊ី ទើបតែ​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់ខ្លួន បោះបង់​ប្រាក់​ដុល្លារ​អាម៉េរិក និង​ប្រាក់​អឺរ៉ូ ដោយ​ងាក​មកប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក នៅក្នុង​ការដោះដូរ​ពាណិជ្ជ​កម្ម។

យោងតាម​សារព័ត៌មាន TASS នៅក្នុង​វេទិកា​អន្តរជាតិ​មួយ​កាលពី​ថ្ងៃទី ២៥ មេសា រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុស្ស៊ី Denis Manturov ប្រកាសថា ទីក្រុង​មូ​ស្គូ ចង់​ជំរុញ​ការជួញដូរ​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ជាមួយនឹង​បណ្ដា​ប្រទេស BRICS (ប្រេ​ស៊ី​ល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិក​ខាងត្បូង), SCO (អង្គការ​សហការ​ទីក្រុង​សៀង​ហៃ) និង EAEU (សហភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប)។

កាលពី​ឆ្នាំ ២០២១ ការដោះដូរ​ពាណិជ្ជកម្ម​របស់ រុស្ស៊ី ជាមួយនឹង​សមាជិក EAEU, BRICS និង SCO បាន​កើន​ឡើងដល់ ៣៨% ហើយ​កិច្ចព្រមព្រៀង​សហការ​របស់​សម្ព័ន្ធភាព​នេះ កំពុង​ក្ដោប​ក្ដាប់​ប្រហែល​ពាក់កណ្ដាល​នៃ​ចរន្ត​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក នេះ​បើតាម លោក Denis Manturov។

រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី Denis Manturov

លោក​បញ្ជាក់ថា ស្ថានភាព​វិបត្តិ​អតិផរណា​នៅ ទ្វីបអឺរ៉ុប និង អាម៉េរិក រួម​នឹង​ផលប៉ះពាល់​របស់​វិបត្តិ​នេះ​ចំពោះ​វិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច បាន​បង្ហាញថា ចាំបាច់​ត្រូវតែ​រើខ្លួន​ចេញពី​ប្រាក់​ដុល្លារ​អាម៉េរិក និង​ប្រាក់​អឺរ៉ូ ឆ្ពោះទៅ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​នៅក្នុង​ការដោះដូ​រ​ពាណិជ្ជកម្ម​ជាមួយនឹង​បណ្ដា​ប្រទេស​ជា​សមាជិក (របស់ EAEU, BRICS និង SCO )។

បញ្ហា​ខាងលើ​ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពី​ថ្ងៃទី ២៥ មេសា បានឱ្យដឹងថា សេដ្ឋកិច្ច​របស់ រុស្ស៊ី បាន​ប្រែ​មកជា​មាន​ស្ថិរភាព​វិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុន ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

Advertisement