ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ​បន្ទាប់​ពី​បាន​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅពេល​ស្ថានភាព​កូ​វីដ-១៩ កាន់តែ​ធូរស្រាល

ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជាប់​នឹង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត ត្រូវបាន អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ ក្រោយ​ស្ថានភាព​កូ​វីដ-១៩ បាន​ធូរស្បើយ។

ការបើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ឡើងវិញ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយមាន​ការសម្របសម្រួល​ពី ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង ភាគី​ថៃ ដឹកនាំ​ដោយ​លោក វ៉ា​ត់ថៈ​ណា វុ​ត​ធិ​ឆាត អភិបាលខេត្ត​ស៊ីសាកេត រួម​ជាមួយនឹង​ក្រុមមន្ត្រី​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំងពីរ។

នៅមុន​ការបើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ នេះ កម្ពុជា-ថៃ ក៏បាន​សម្រេច​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី ៦ ឧសភា ២០២២ បន្ទាប់ពី​មាន​ការ​ពិភាក្សា និង​​ការ​សម្របសម្រួល​ដោយ​ជោគជ័យ​។

Advertisement