ប្រទេស​ស្រីលង្កា អស់​សាំង​ពី​ឃ្លាំង! ប្រជាជន​​តម្រៀប​ជួរ ៨ ម៉ោង ដើម្បី​រង់ចាំទិញ​ឥន្ធនៈ

កាលពី​ថ្ងៃទី ១៦ ឧសភា មនុស្ស​រាប់រយ​នាក់​បាន​ឈរ​តម្រៀបជួរ​នៅ​ខាងក្រៅ​ស្ថានីយ​ប្រេងសាំង​នានា​នៅ ស្រីលង្កា រង់ចាំ​ពី ៧ ទៅ ៨ ម៉ោង ដើម្បី​បាន​ចាក់​ឥន្ធនៈ ប៉ុន្តែ ភាគច្រើន​បាន​ត្រលប់​ទៅផ្ទះ​ដោយ «ដៃទទេ»។

ទីភ្នាក់ងារសារព័ត៌មាន​របស់ រុស្ស៊ី Sputnik បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់ ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រទេស​នេះ​អស់​សាំង​កាលពី​ថ្ងៃទី ១៦ ឧសភា។

ក៏ប៉ុន្តែ មេដឹកនាំ​ដែល​ទើប​ត្រូវបាន​ជ្រើសតាំង​កាលពី​សប្ដាហ៍​កន្លង បាន​សន្យាថា នឹង​បកស្រាយ​ពេញលេញ​នា​ពេល​ខាង​មុខ​ ស្ដីពី​​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​កើតឡើង​នៅ ប្រទេស​ស្រីលង្កា។

«បច្ចុប្បន្ន សេដ្ឋកិច្ច​របស់ ស្រីលង្កា ពិតជា​ដុនដាប​ខ្លាំងណាស់» អ្នកនយោបាយ​វ័យ ៧៣ ឆ្នាំ​ខាងលើ បាន​ថ្លែង​ដូច្នេះ។ កាលពី​ថ្ងៃទី ១៦ ឧសភា អ្នកលេង​បណ្ដាញ​សង្គម​ក្នុងប្រទេស​នេះ បាន​ចែករំលែកតៗគ្នា​អំពី​វីដេអូ​ដែល​ស្ដែង​ពី​ទិដ្ឋភាព​យានយន្ត​តម្រៀប​ជា​ជួរ​យ៉ាង​វែង និង​អស់​រយៈពេល​យ៉ាងយូរ ដើម្បី​រង់ចាំ​ចាក់​សាំង នៅតាម​ទីតាំង​ស្ថានីយ​ប្រេងសាំង​នានា​របស់ ស្រីលង្កា។

នាយករដ្ឋមន្ត្រី​វិញ ក៏បាន​ប្រកាសថា ប្រទេស​នេះ​កំពុង​ខ្វះ​ថ្នាំពេទ្យសំខាន់ៗ ១៤ មុខ ហើយ​ថា បញ្ហា​អតិផរណា​អាច​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ខ្លី។ លោក​បានឱ្យដឹងថា បញ្ហា​ដាច់​ភ្លើង​ប្រចាំថ្ងៃ​អាច​កើន​ដល់ ១៥ ម៉ោង/ថ្ងៃ។

ស្ថាប័ន​ពាក់​ព័ន្ធ​របស់ ប្រទេស​ស្រីលង្កា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់ ហើយ​​មិន​ចេញ​មក​តម្រៀប​ជួរ​ចាំ​ចាក់​សាំង​ និង​មិន​ត្រូវ​ទិញ​សាំង​ទុក​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ រហូត​ដល់​ប្រេង​សាំង​ត្រូវ​បាន​ចែកចាយ​នៅ​តាម​ស្ថានីយ​ប្រេង​នានា​។

មុន​នោះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa បាន​ចុះ​ចេញពី​តំណែង​ដោយមាន​សម្ពាធ​ពី​ក្រុមបាតុករ។ អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល និង​ក្រុមបាតុករ បានធ្វើ​ឱ្យមាន​មនុស្ស​ស្លាប់ ៩ នាក់ និង​របួស​ជាង ៣០០ នាក់ កាលពី​សប្ដាហ៍​កន្លង។

Advertisement