ប្រទេស​ស្រីលង្កា លក់​ក្រុមហ៊ុន​អាកាសចរណ៍ បោះ​ពុ​ម្ភ​ប្រាក់​បន្ថែម ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ

យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់ ស្រីលង្កា

បន្ទាប់ពី​ការបោះ​ពុ​ម្ភ​ប្រាក់​បន្ថែម​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល ប្រទេស​ស្រីលង្កា ក៏​កំពុង​គិតដល់​ការលក់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ផងដែរ ដើម្បី​កាត់បន្ថយ​ការចំណាយ។

រដ្ឋាភិបាល​ថ្មី​របស់ ស្រីលង្កា កំពុងមាន​ផែន​ការលក់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដើម្បី​កាត់បន្ថយ​ការខាតបង់។ នេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាតិ ក្នុង​គ្រា​ដែល​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បោះ​ពុ​ម្ភ​រូបិយប័ណ្ណ​ដើម្បី​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​រដ្ឋ។

ផែនការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ SriLanKan Airlines នេះ ត្រូវបាន​នាយករដ្ឋមន្ត្រី Rani Wickremesinghe បង្ហើប​ឱ្យដឹង​កាលពី​ម្សិលមិញ (១៧ ឧសភា)។

ប៉ុន្មាន​ថ្ងៃមុន​ពេល​ប្រទេស​នេះ​ប្រកាស​ក្ស័យធន​ជា​ផ្លូវការ (១២ មេសា ២០២២) ក្រុមហ៊ុន SriLankan Airlines ក៏បាន​ឱ្យដឹងថា បាន​ខាត​អស់ ៤៥ ពាន់​លាន​រូពី ប្រហែល ១២៤ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១។

កាលពី​ឆ្នាំ ២០១០ អាជ្ញាធរ​កូឡុំបូ បាន​ទិញ​ភាគហ៊ុន​របស់ SriLankan Airlines ពី​ក្រុមហ៊ុន Emirates។ SriLankan Airlines មាន​យន្តហោះ Airbus SE ចំនួន ២៥ គ្រឿង ដែល​ហោះ​ទៅមក​ទីក្រុង​នានា​នៅ អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី​ខាងត្បូង និង អាស៊ីអាគ្នេយ៍។

កាលពី​ថ្ងៃទី ១២ មេសា ២០២២ ស្រីលង្កា បានប្រកាសថា ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទូទាត់​បំណុល​បរទេស​ដែលមាន​តម្លៃ ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា បាន​អំពាវនាវ​ដល់​ម្ចាស់បំណុល រួមទាំង​បណ្ដា​រដ្ឋាភិបាល​បរទេស ពន្យារពេល​នៃ​ការទូទាត់​ការប្រាក់ ឬ​ជ្រើសរើស​វិធី​ទទួលយក​ខ្ទង់​ប្រាក់កម្ចី​ដើម ដោយ​រូបិយវត្ថុ​ក្នុងស្រុក​របស់​ប្រទេស​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា ឱ្យដឹងថា «រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​បន្ទាន់…ដើម្បី​ទប់ស្កាត់​ឱនភាព​បន្ថែមទៀត​នៃ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា។ ការប្រកាស​ក្ស័យធន ក៏​ដើម្បី​ធានាឱ្យមាន​ការ​ព្រឹ​ត្ត​ដោយ​យុត្តិធម៌​ចំពោះ​ម្ចាស់បំណុល រហូតដល់ ស្រីលង្កា ទទួលបាន​ជំនួយ​ពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)»៕

Advertisement