កូរ៉េខាងត្បូង ពិនិត្យ​លើ​គោលនយោបាយ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង»

កាលពី​ថ្ងៃទី ២៤ មិថុនា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំពោះ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ជា​ផ្លូវការ​នៅឡើយ។

រដ្ឋមន្ត្រីក្រសួង​ការងារ​កូរ៉េខាងត្បូង Lee Jeong-sik និយាយថា រដ្ឋាភិបាល​នឹង​ពិនិត្យ កែសម្រួល​ប្រព័ន្ធ​ធ្វើការ ៥២ ម៉ោង/សប្ដាហ៍ ទៅតាម​វិធី​ដែល​អនុញ្ញាតឱ្យ​និយោជក និង​និយោជិត បែងចែក​ចំនួន​ម៉ោង​ធ្វើការ​ឱ្យមាន​ភាពបត់បែន នៅក្នុង​អំឡុង ១ ខែ។

លោក Yoon បាន​ថ្លែងថា «ឧបនាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​ប្រមូល​សំណើ​របស់​ក្រុមមនុស្ស​មកពី​បណ្ដា​សមាគម​ស្រាវជ្រាវ​ឯកជន និង​ស្នើឱ្យ ក្រសួង​ការងារ ពិនិត្យ​លើ​ភាពបត់បែន​របស់​ទីផ្សារការងារ។ ប៉ុន្តែ សំណើ​នេះ​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​យល់ព្រម​ជា​ផ្លូវការ​នៅឡើយ»។

សំណើ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» ត្រូវបាន​លើកឡើង​កាលពី​ឆ្នាំ ២០១៨ ក្នុង​អាណត្តិ​ប្រធានាធិបតី Moon Jae-in ប៉ុន្តែ ត្រូវបាន​មនុស្ស​មួយចំនួន​រិះគន់ ព្រោះតែ​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន និង​បុគ្គលិក។

នៅពេល​ប្រកាស​អំពី​ទិសដៅ​គោលនយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​កាលពី​សប្ដាហ៍​កន្លង អាជ្ញាធរ​កូរ៉េខាងត្បូង បានឱ្យដឹងថា ពួកគេ​នឹង​ជំរុញ​ការកែទម្រង់​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ចំនួន ៥ ក្នុងនោះ​មាន​ទាំង​ទីផ្សារការងារ និង​អប់រំ​ជាដើម ព្រមទាំង​មាន​ផែនការ​អនុវត្ត «ភាពបត់បែន» សម្រាប់ «សប្ដាហ៍​ធ្វើការ ៥២ ម៉ោង» ផងដែរ៕

Advertisement