ប្រេងសាំង​ឡើងថ្លៃ សម្តេច ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទិញ​យានយន្ត​ប្រើ​អគ្គិសនី

បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ថវិកាល្មមៗគួរ​ចាប់ផ្តើម​ប្ដូរ​ទៅ​ទិញ​រថយន្ត​ប្រើប្រាស់​អាគុយ ឬ​អគ្គិសនី​វិញ​ដោយសារតែ​សាំង​ឡើងថ្លៃ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ០១ កក្កដា ដែល​ប្រារព្ធ​ឡើង​នៅ​ទីតាំង​អាងទឹក​ត្រពាំងថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​មិញ។

ការ​ជិះ​យានយន្ត​អគ្គិសនី ថ្វីបើ​យឺត​ជាង​យានយន្ត​ប្រើ​ប្រេងសាំង​ក៏ពិតមែន ប៉ុន្តែ​វា​មាន​សុវត្ថិភាព និង​សន្សំសំច័យ​ប្រាក់​បាន​ច្រើន។

“ខ្ញុំ​មើលឃើញ​ផលប្រយោជន៍ ២ យ៉ាង​គឺ ទីមួយ ការកាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​សាំង និង​ទី​ពីរ​គឺ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ អីចឹង​ទេ អ្នកមាន​លុយ​ទិញ អាច​ទិញ​អា​ព្រូស និង​ឡាន​ប្រើ​អាគុយ ឬ​អគ្គិសនី” សម្ដេច ហ៊ុន សែន អំពាវនាវ​ដូច្នេះ។

ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ ពលរដ្ឋ​កម្ពុជា ងាក​មក​ទិញ និង​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ក៏បាន​ស្នើឱ្យ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា បង្កើត​កន្លែង​សម្រាប់​បញ្ចូល​ថាមពល​អាគុយ ឬ​ថ្ម​ផងដែរ។

ក្នុងឱកាស​នេះដែរ សម្ដេច​តេ​ជោ ក៏បាន​មានប្រសាសន៍ថា មូលហេតុ​ដែលនាំឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់​គឺ​ដោយសារ​វិបត្តិ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។ យោងតាម តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យដឹងថា តម្លៃ​ឧស្ម័ន​ហ្គាស​បាន​កើនឡើង ៣៥.៨% ហើយ​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​កំពុង​ខ្វះ​ប្រេង​ប្រើប្រាស់ ដូចជា ស្រីលង្កា និង ឡាវ ជាដើម។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា នៅ កម្ពុជា មិនទាន់មាន​បញ្ហា​ខ្វះ​ប្រេង​នៅឡើយ ប៉ុន្តែ​ត្រូវតែ​មានការ​បម្រុង​ទុកជាមុន៕

Advertisement