IMF ព្យាករ​អំពី​លទ្ធភាព​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំក្រោយ!

លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃទី ៦ កក្កដា​កន្លងទៅ បានឱ្យដឹងថា ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ទៅក្នុង​ភាព​ងងឹត​ចាប់តាំងពី​ក្រោយ​ការ​ព្យាករ​កាលពី​ខែមេសា ២០២២ និង​បាន​ព្យាករ​ថា​លទ្ធភាព​នៃ​ការកើតមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​នឹង​កើតឡើង​នៅ​ឆ្នាំ ២០២៣ ដោយសារតែ​ហានិភ័យ​កើនឡើង។

យោងតាម Reuters លោកស្រី Kristalina Geeorgieva ប្រធាន​មូលនិធិ IMF បានឱ្យដឹងថា មូលនិធិ​នេះ​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សក​ល​ជា​លើក​ទី​បី​ក្នុងឆ្នាំនេះ ចុះមក​នៅត្រឹម ៣.៦% ហើយ IMF នឹង​បន្ត​លើកឡើង​នូវ​ការ​ព្យាករ​ថ្មី។

តាម​គម្រោង នៅ​ចុងខែ​កក្កដា​នេះ IMF នឹង​ប្រកាស​បង្ហាញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដីពី​កំណើនសេដ្ឋកិច្ច​សកល​ស​ម្រា​ប់​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ បន្ទាប់ពី​បាន​ទម្លាក់​ការ​ព្យាករ​ជិត ១ ពិ​ន្ទុះ​កាលពី​ខែមេសា ២០២២។ ឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ច​សកល កើន ៦.១%។

ទិន្នន័យ​សេដ្ឋកិច្ច​នាថ្មីៗនេះ​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច «ខ្នាត​យក្ស» ក្នុងនោះ​រួមមាន​ទាំង ចិន និង រុស្ស៊ី ផងដែរ បាន​ថយចុះ​នៅក្នុង​ត្រីមាស​ទី​ពីរ ឆ្នាំ ២០២២។ លោកស្រី​ប្រធាន IMF បាន​បញ្ជាក់ថា ឆ្នាំ ២០២២ ពិតជា​មានការ​លំបាក ប៉ុន្តែ ឆ្នាំ ២០២៣ នឹងមាន​ការលំបាក​ជាង​នេះ៕

Advertisement