កូរ៉េខាងត្បូង កំពុង​ប្រឹងប្រែង​ទាក់​ទាញ​​កម្មករ​ជំនាញ​ខ្ពស់​ពី​បរទេស

ពលរដ្ឋ​អន្តោប្រវេសន៍​ ធ្វើដំណើរ​ទៅ​ធ្វើការ​នៅ កូរ៉េខាងត្បូង

ពលរដ្ឋ​បរទេស​ដែលមាន​សញ្ញាបត្រ​បរិ​ញ្ញា​ឡើងទៅ និង​ចេះ​ភាសា​កូរ៉េ​ច្បាស់លាស់ ធ្វើការ​នៅក្នុង​បណ្ដា​វិស័យ​ដែល​ត្រូវបាន​ចង្អុលបង្ហាញ​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​របស់ កូរ៉េខាងត្បូង នឹង​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ថ្មី (F-2)។

អាជ្ញាធរ​កូរ៉េខាងត្បូង ថ្មីៗនេះ​បានប្រកាស​អំពី​គម្រោង​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ការងារ​ច្បាស់លាស់ ឱ្យមក​ធ្វើការ និង​ស្នាក់​នៅក្នុង​តំបន់​ជនបទ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ចំនួន​ប្រជាជន​ថយចុះ​យ៉ាង​ឆាប់រហ័ស។

ក្រសួងយុត្តិធម៌​កូរ៉េខាងត្បូង (MOJ) បានប្រកាស​អំពី​ការអនុវត្ត​គម្រោង​ផ្ដល់​ទិដ្ឋាការ​ដែលមាន​ឈ្មោះថា «ទិដ្ឋាការ​ដោយឡែក​សម្រាប់​តំបន់» ដែល​នឹង​ចាប់ផ្ដើម​មាន​សុពលភាព​ពី​ខែតុលា ២០២២ តទៅ។ គម្រោង​នេះ​អនុវត្ត​ចំពោះ​ពលរដ្ឋ​បរទេស​ដែល​កំពុង​ស្វែងរក​វិធី​មក​រស់នៅ និង​ធ្វើការ​នៅ​ជនបទ​ដែល រដ្ឋាភិបាល​កូរ៉េខាងត្បូង ជា​អ្នក​ណែនាំ។

យោងតាម​លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​ថ្មី​នេះ ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ការងារ​កម្រិត​ខ្ពស់ ឆ្លើយតប​នឹង​លក្ខខណ្ឌ​មួយចំនួន (រួមមាន ចេះ​ភាសា​កូរ៉េ​ច្បាស់ និង​មាន​សញ្ញាបត្រ​បរិ​ញ្ញា​ឡើងទៅ) នឹង​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ប្រភេទ​ថ្មី (F-2) នេះ។ ពលរដ្ឋ​បរទេស​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នឹងមាន​ការងារ​ធ្វើ តាមរយៈ​ការចង្អុលបង្ហាញ​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះ ក្រោយពី​ទទួលបាន​ទិដ្ឋាការ ពលរដ្ឋ​បរទេស​ត្រូវតែមាន​ពេលវេលា​ស្នាក់​នៅក្នុង​តំបន់​ដែល​បាន​ចុះឈ្មោះ យ៉ាងតិច ៥ ឆ្នាំ។ ក្នុងអំឡុង​ពេលនេះ ពួកគេ​មាន​សិទ្ធិ​យក​ភរិយា/ស្វាមី និង​កូន​មិនទាន់​គ្រប់​អាយុ មក​រស់នៅ​ជុំគ្នា​នៅ កូរ៉េខាងត្បូង។

MOJ ឱ្យដឹងថា នឹង​ទទួល​ពាក្យ​ពី​អាជ្ញាធរ​នៃ​បណ្ដា​ទីក្រុង និង​ស្រុក​ទាំងឡាយណា​ដែល​ចង់​ចូលរួម​កម្មវិធី​សាកល្បង​នៃ គម្រោង​ផ្ដល់​ទិដ្ឋាការ​ដោយឡែក​សម្រាប់​តំបន់។ ក្រោយមក MOJ នឹង​ជ្រើសរើស​ប្រហែល ៥ តំបន់ ដើម្បី​ផ្ដល់​ទិដ្ឋាការ F-2 ដល់​ពលរដ្ឋ​បរទេស​សរុប ៥០០ នាក់ ដោយ​ចាប់ផ្ដើម​ពី​ខែតុលា​ខាងមុខ។

គម្រោង​សាកល្បង​ខាងលើនេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល ១ ឆ្នាំ (រហូតដល់​ខែតុលា​ឆ្នាំក្រោយ) ហើយ​បន្ទាប់មក សមត្ថកិច្ច​កូរ៉េខាងត្បូង នឹង​ពិនិត្យមើល​ដើម្បី​ពង្រីក​គម្រោង​នេះ​ទៅកាន់​តំបន់​ដទៃ​នៅ​ទូទាំងប្រទេស។

បច្ចុប្បន្ន ប្រព័ន្ធ​ដូចខាងលើ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​មួយចំនួន​អនុវត្ត ក្នុងនោះ​មាននៅ អូស្ត្រាលី និង កាណាដា ជាដើម៕

Advertisement