ប្រទេស​ថៃ អនុម័ត​កញ្ចប់​ហិរញ្ញប្បទានជាង​ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​បញ្ចុះតម្លៃ​ឥន្ធនៈ

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការធានា​លើ​ខ្ទង់​ហិរញ្ញប្បទាន​ឡើងដល់ ១៥០ ពាន់​លាន​បាត (៤.២៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​មូលនិធិ​រ៉ែ​ប្រេង​រដ្ឋ ក្នុង​បំណង​ជួយ​បញ្ចុះតម្លៃ​ថាមពល និង​ជួយ​ទប់​ទល់នឹង​បញ្ហា​អតិផរណា ត្រូវបាន​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​កាលពី​ថ្ងៃទី ១៦ សីហា។

សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​ការត្រួតពិនិត្យ​ដោយ ក្រុម​ប្រឹក្សាជាតិ ដែលជា​ស្ថាប័ន​ប្រឹក្សាផ្នែក​​ច្បាប់​របស់ រាជរដ្ឋាភិបាល មុននឹង​​បញ្ជូន​ទៅកាន់​សភា​ដើម្បី​អនុម័ត​បន្ត។

គិត​ត្រឹម​ថ្ងៃទី ១៤ សីហា ការិយាល័យ​នៃ​មូលនិធិ​ប្រេងឥន្ធនៈ​ថៃ (Offo) កំពុង​ខាត​ប្រហែល ១១៧ ពាន់​លាន​បាត (៣.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដោយសារ​ការផ្ដល់​ជំនួយ និង​គ្រប់គ្រង​តម្លៃ​ប្រេង បំណង​​រក្សា​អត្រា​កំណើន​​នៃ​អតិផរណា ដែល​បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ១៤ ឆ្នាំ កាលពី​ខែកក្កដា។

ការដែល​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ក៏​ទាញ​​​អតិផរណា​ឱ្យ​ឡើង​​​ខ្ពស់ជាង​មុន ដែល​បញ្ហា​នេះ​មិន​ត្រឹមតែ​ជា​ឧបសគ្គ​ចំពោះ​ការស្ដារ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ ក៏​ធ្វើឱ្យ​រតនាគារជាតិ​ត្រូវអស់​ប្រាក់​ច្រើន ក្នុង​គ្រា​ដែល​ប្រទេស​ថៃ កំពុង​ត្រូវ​ការប្រាក់​ចាំបាច់​ដើម្បី​ទប់​ទល់នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​ដោយសារ​កូ​វីដ-១៩៕

Advertisement