ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ ៦២ ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត

រាជរដ្ឋាភិបាល​ថៃ កំណត់​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យបាន ៥% ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ដល់ ២០១៧ និង​ទាក់ទាញ​ខ្ទង់​វិនិយោគ​សរុប ២.២ ទ្រី​លាន (២,២០០,០០០,០០០,០០០) បាត។

រាជរដ្ឋាភិបាល​ថៃ ថ្មីៗនេះ​បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​ដាក់​គោលដៅ​វិនិយោគ ២.២ ទ្រី​លាន​បាត (ប្រហែល ៦១.៩៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់​ប្រទេស ក្នុងអំឡុង ៥ ឆ្នាំ​ខាងមុខ ខណៈ​ប្រទេស​នេះ​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែ​ង។

អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ លោក Thanakorn Wangboonkongchana បង្ហើប​ឱ្យដឹងថា គម្រោង​ដែល​នឹងត្រូវ​អនុវត្ត​ពី​ឆ្នាំ ២០២៣ ដល់ ២០២៧ នៅក្នុង​ផែនការ «ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា (EEC)» នឹង​រួមមាន​ទាំង​ខ្ទង់​វិនិយោគធំៗ ដូចជា រថយន្ត​អគ្គិសនី និង​បច្ចេកវិទ្យា​សុខាភិបាល​ជាដើម។

អ្នកនាំពាក្យ​ខាងលើ​ឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​វិនិយោគ​ពី ៤០០ ទៅ ៥០០ ពាន់​លាន​បាត (ពី ១១.២៧ ដល់ ១៤.០៨ ពាន់​លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ឆ្នាំ ទៅក្នុងផែនការ​ EEC ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន ៥% ក្នុង ១ ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៤។

ផែនការ​វិនិយោគ​ទៅលើ EEC ចាប់ពី​ឆ្នាំ ២០១៨ ដល់ ២០២២ របស់ ថៃ បច្ចុប្បន្ន សម្រេចបាន ១.៨ ទ្រី​លាន​បាត ខ្ពស់ជាង​ផែនការ ​(១.៧ ទ្រី​លាន​បាត) ដែល​បានគ្រោង​ទុក។

EEC រួមមាន ៣ ខេត្ត​នៅ​ភាគ​ខាងកើត​ធៀប​នឹង រាជធានី​បាងកក រួមមាន​ខេត្ត​ឈុន​បុរី ខេត្ត​រ៉ា​យ៉ង និង​ខេត្ត​ឆា​ឈឿង​សៅ។ ក្នុង​ផែនការ EEC នឹងមាន​វិស័យ​ឧស្សាហកម្ម​ចំនួន ១២ រួមមាន អភិវឌ្ឍ​រថយន្ត, អគ្គិសនី​ឆ្លាត​វៃ, ទេសចរណ៍​សុខាភិបាល និង​សុខភាព, កសិកម្ម និង​បច្ចេកវិទ្យា​ជីវសាស្ត្រ, អាហារ, រ៉ូ​បូត​សម្រាប់​វិស័យ​ឧស្សាហកម្ម, ដឹកជញ្ជូន និង​អាកាសចរណ៍, ឥន្ធនៈ​ជីវសាស្ត្រ និង​ជីវគីមី, ឌីជីថល, សេវា​សុខាភិបាល, អភិវឌ្ឍ​ការពារជាតិ និង​ វិស័យអប់រំ៕

 

Advertisement