ជប៉ុន ផ្ដួចផ្ដើម​បង្កើត​​យុទ្ធនា​​ការ​ទាក់​ទាញ​​ប្រជា​ពលរដ្ឋ​​ឱ្យ​ «ផឹក​ស្រា»​ ឡើង​វិញ ដើម្បី​សេដ្ឋកិច្ច​ជាតិ​

រាជរដ្ឋាភិបាល​ជប៉ុន បំផុស​ឱ្យមាន​ការប្រកួតប្រជែង​ទូទាំងប្រទេស ដើម្បី​ជាការ​អំពាវនាវ​ដល់​ម​នុស្ស​ពេញវ័យ លើកឡើង​នូវ​គំនិត​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ ឱ្យប្រើ​ប្រាស់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ឱ្យបាន​ច្រើនជាង​បច្ចុប្បន្ន។

យុទ្ធនាការ Sake Vival! ដែល​លើកឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ (NTA) ស្នើឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ២០ ទៅ ៣៩ ឆ្នាំ ចូលរួម​ផ្ដល់​មតិ​សម្រាប់​ការស្ដារ​តម្រូវការ​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ដែល​បច្ចុប្បន្ន​ជា​ទំនិញ​លែងមាន​ការពេញនិយម ដោយសារតែ​យុវវ័យ​បាន​ប្ដូរផ្លាស់​ផ្នត់គំនិត ចំណែក​ប្រជាជន​ក៏​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ ក្នុងសម័យ​កូ​វីដ-១៩។

ព្រឹត្តិការណ៍​ប្រកួតប្រជែង​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៤ សីហា ដល់ ៩ កញ្ញា អំពាវនាវ​អំពី​មានការ «ច្នៃប្រឌិត​ចំពោះ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ថ្មី» ក៏ដូចជា​រក​វិធី​ដើម្បី​បង្កើន​ការប្រើប្រាស់​ផលិតផល​នេះ​នៅតាម​ផ្ទះ។ បេក្ខជន​ដែល​ចូលរួម​ប្រកួត​ក៏​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​វិធី​លក់ទំនិញ​ប្រភេទ​នេះ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ផងដែរ។

អ្នក​ដែល​បាន​ចូលដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ព្រឹត្តិការណ៍​ប្រកួតប្រជែង​នេះ​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ពិធី​ប្រគល់​រង្វាន់​នៅ តូ​ក្យូ នៅ​ថ្ងៃទី ១០ វិច្ឆិកា។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ឱ្យដឹងថា ពួកគេ​នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទៅលើ​គំនិត​នានា​ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ។

ក្រសួងសុខាភិបាល​ជប៉ុន បាន​បញ្ជាក់ថា ពួកគេ​សង្ឃឹមថា យុទ្ធនាការ​ខាងលើ​នឹង​រម្លឹក​គ្រប់គ្នា ឱ្យ «ផឹកស្រា​ក្នុង​បរិមាណ​សមស្រប»។

ពន្ធ​លើ​ស្រា​បៀរ​នៅ ជប៉ុន មាន​ចំណែក ១.៧% ក្នុង​ថវិកា​សរុប​ដែល​ប្រមូលបាន​ពី​ពន្ធដារ​ក្នុង​ឆ្នាំ ២០២០ ថយចុះ​ពី ៣% ក្នុង​ឆ្នាំ ២០២១ និង ៥% ក្នុង​ឆ្នាំ ១៩៨០។ ប្រាក់ចំណូល​ពី​ពន្ធ​លើ​ស្រា​បៀរ​ក្នុង​ឆ្នាំ ២០២០ បាន​ថយចុះ​ជាង ១១០ ពាន់​លាន​យេន (៨១៦ លាន​ដុល្លារ​អាម៉េរិក) ធៀប​នឹង​ឆ្នាំ ២០១៩ មក​នៅត្រឹម ១.១ យេន (៨.១៦ លាន​ដុល្លារ) នេះ​បើតាម​ការបញ្ជាក់​ពី NTA កាលពីដើម​ខែសីហា។ យោងតាម Japan Times នេះ​គឺជា​អត្រា​ថយចុះ​ខ្លាំង​បំផុត​ក្នុងអំឡុង ៣១ ឆ្នាំ​កន្លង​នៅ ជប៉ុន៕

Advertisement