ផ្លូវដែក​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយ​ដំណើរការបាន ៩ ខែ

រថភ្លើង​ធ្វើ​ដំណើរ​ឆ្លង​តាម​ផ្លូវ​ដែក​ចិន​-ឡាវ

ខ្សែ​រថភ្លើង​ឡាវ-ចិន ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​បាន​រាប់លាន​តោន គិត​ជាត​ម្លៃ​បាន​ជាង ១០ ពាន់​លាន​យុន ក្រោយពី​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​កន្លង។

យោងតាម Global Times ចាប់តាំងពី ផ្លូវដែក​ចិន-ឡាវ បាន​ដំណើរការ​កាលពី​ថ្ងៃទី ០៣ ធ្នូ ២០២១ អាជ្ញាធរ​នៅ​កំពង់ផែ Mohan នៃ​ខេត្ត Yunnan ប្រទេស​ចិន ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ ប្រទេស​ឡាវ បានអនុញ្ញាត​ឱ្យ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ចំនួន ១,៨៦៨ ជើង។ ទំនិញ​សរុប​ដែល​ត្រូវបាន​ដឹក​តាម​ខ្សែ​រថភ្លើង​នេះ​មាន​ចំនួន ១.២៨ លាន​តោន ក្នុងនោះ​មាន ៣៤០,០០០ តោន គឺជា​ទំនិញ​នាំ​ពី​ប្រទេស​ចិន ចូល​ប្រទេស​ឡាវ និង ៩៤០,០០០ តោន ជា​ទំនិញ​នាំ​ពី ប្រទេស​ឡាវ ចូល ប្រទេស​ចិន។

ទំនិញ​ដែល​ត្រូវបាន​ដឹក​ជញ្ជូន​​តាម​រយៈ​​ផ្លូវដែក​ចិន-ឡាវ នេះ មាន​ចំនួន​ប្រមាណ ២ ពាន់​មុខ រួម​មានដូចជា ផលិតផល​អេឡិចត្រូនិក ផ្ទាំង​សូ​ឡា ឧបករណ៍​ទូរគមនាគមន៍។ល។ គិត​មកដល់​ដើមខែ​សីហា​កន្លងទៅ ផ្លូវដែក​នេះ​ក៏​ដឹកជញ្ជូន​អ្នកដំណើរ​បាន ៥.៥៤ លាន​ជើង​រួចហើយ​ដែរ។

ផ្លូវដែក​ចិន-ឡាវ គឺជា​គម្រោង​ស្ថិតក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន។ ផ្លូវដែក​នេះ​រត់​ឆ្លងកាត់ ៣០ ខេត្ត និង​តំបន់​ស្វយ័ត​នៅក្នុង​ទឹកដី​របស់ ប្រទេស​ចិន និង ៨ ប្រទេស​នៅ តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេស​ឡាវ, មី​យ៉ាន​ម៉ា, ថៃ និង វៀតណាម ជាដើម។

ផ្លូវដែក​ចិន-ឡាវ បាន​ក្លាយជា​ភ្នាក់ងារ​ត​ភ្ជាប់​ដ៏​សំខាន់​រវាង ប្រទេស​ចិន ជាមួយនឹង​បណ្ដា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ ប្រទេស​ចិន។

ផ្លូវដែក​ប្រវែង ១,០៣៥ គីឡូម៉ែត្រ​នេះ អាចជួយ​សន្សំសំច័យ​ប្រាក់​ក្នុងការ​ដឹកជញ្ជូន​បាន​ពី 40-50% សម្រាប់​បណ្ដា​ក្រុមហ៊ុន អាជីវករ​នាំចេញ នាំចូល។ ប្រការនេះ​នាំឱ្យ ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ កំពុងមាន​គម្រោង​ពង្រីក​ផ្លូវដែក​នេះ​បន្ថែមទៀត៕

Advertisement