ធនាគារជាតិ​នៃ​កម្ពុជា ប្រកាសថា នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដំបូង នៅ​ថ្ងៃស្អែក

ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ លើកទីមួយ​ដែលមាន​ទំហំ​ទឹកប្រាក់ ១០០ ពាន់​លាន​រៀល ដែល​ប្រហែល ២៥ លាន​ដុល្លារ​អាម៉េរិក នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ០៧ កញ្ញា​ខាងមុខ នេះ​បើតាម ធនាគារជាតិ​កម្ពុជា ប្រកាស​កាលពី​ម្សិលមិញ។

យោងតាម​សេចក្ដីប្រកាស​របស់ ធនាគារជាតិ​កម្ពុជា មូល​ប​ត្រ​រដ្ឋ​ដំបូង​ខាងលើនេះ នឹង​ដាក់ឱ្យ​ដេញថ្លៃ​តាមរយៈ​ផ្លែ​ត​ហ្វ​ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBCP) ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ២ រសៀល ថ្ងៃទី ០៧ កញ្ញា។ មូល​ប​ត្រ​បំណុល​នេះ មានតម្លៃ​ចា​រឹត (Face Value) ចំនួន ១ លាន​រៀល ដែល​ស្មើនឹង ២៥០ ដុល្លារ​អាម៉េរិក ក្នុង ១ បណ្ណ ជាមួយនឹង​ការផ្ដល់​អត្រា​ការប្រាក់ ២% ថេរ​ក្នុង​មួយឆ្នាំ ដែល​រដ្ឋ​នឹង​ទូទាត់​សង​ក្នុង​រយៈពេល ៦ ខែម្តង។

នេះ​គឺជា​ជំហាន​ទីមួយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​គម្រោង​បោះ​លក់​មូល​ប​ត្រ​បំណុល​ក្នុង​ទំហំ​ទឹកប្រាក់ ២,២១៩ ពាន់​លាន​រៀល ដែល​ប្រហាក់ប្រហែល​នឹង ៣០០ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២២។

មូលហេតុ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ​ត្រូវបាន​លើកឡើងថា គឺ​ក្នុង​បំណង​ប្រមូល​ទុនវិនិយោគ​ក្នុងប្រទេស សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕

Advertisement