APEC ២០២២ ៖ ថៃ ប្រកាស​អំពី​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នៅ អាស៊ីអាគ្នេយ៍

ប្រទេស​ថៃ កំពុងតែ​ឆ្ពោះទៅរក​គោលដៅ​ក្លាយជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ស្ដីពី​ការដឹកជញ្ជូន​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ។

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ Saksayam Chidchob បាន​ថ្លែង​ដូចខាងលើ​នា​ថ្ងៃនេះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុម​បេសកកម្ម APEC ក្នុង​វិស័យ​ដឹកជញ្ជូន ដែល​ធ្វើឡើង​នៅ រាជធានី​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ១៥-១៦ កញ្ញា។

ដើម្បី​ឆ្ពោះទៅរក​គោលដៅ​នេះ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​កំពុងតែ​ដំណើរការ​គម្រោង​ជាច្រើន រួមមាន ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC), គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ត​ភ្ជាប់​ព្រលានយន្តហោះ ៣ Don Mueang – Suvarnabhumi – Utapao, គម្រោង​ស្ដារ និង​កែលំអ​ព្រលានយន្តហោះ Utapao ជាដើម។ ប្រទេស​ថៃ ក៏​កំពុងតែ​អនុវត្ត​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ផ្លូវ​ដែក​ល្បឿន​លឿង​ឡាវ-ចិន ផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ថៃ ក៏មាន​ផែនការ​ស្ថាបនា​ស្ពាន​គោក​ដែល​ត​ភ្ជាប់​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ បង្កើតបានជា​មជ្ឈមណ្ឌល​ដែល​ត​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា ជាមួយនឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​សិក្សា​ទីតាំងនៅ​ក្នុង​ខេត្ត​ចំនួន ២ គឺ Ranong និង Chumphon ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ការសាងសង់​នៅ​ឆ្នាំ ២០៣០។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ Saksayam Chidchob

ក្រោម​ប្រធានបទ «ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព ឆ្លាត​វៃ និង​​ចីរភាព» ក្រុមមន្ត្រី​នៅក្នុង​វិស័យ​ដឹកជញ្ជូន​មកពី ២១ ប្រទេស​ដែលជា​សមាជិក​របស់ APEC នឹង​ផ្ដោត​ការពិភាក្សា​លើ​វិធានការ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការដោះដូរ​ទំនិញ និង​ស្ដារ​ការតភ្ជាប់​ជា​សកល​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ទេសចរណ៍។

ទន្ទឹមនឹងនេះ ក្រុម​ប្រទេស​ជា​សមាជិក​ក៏​នឹង​ចែករំលែក​បទពិសោធន៍​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការដឹកជញ្ជូន និង​បណ្ដាញ​ផ្គត់ផ្គង់​នៅក្នុង​ដំណាក់កាល​ក្រោយ​កូ​វីដ-១៩ផងដែរ៕

Advertisement