បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ជិត​អស់​យុគសម័យ​សម្បូរ​ប្រាក់ចាយ​​ដោយសារ​ប្រេង

តម្លៃ​ប្រេង​រ៉ែ​កើនឡើង​ខ្ពស់​ខ្លាំង​នៅពេល​សង្គ្រាម​ផ្ទុះឡើង​នៅ អ៊ុយ​ក្រែ​ន ធ្វើឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​រកបាន​ប្រាក់​យ៉ាងច្រើន ក៏ប៉ុន្តែ​នេះ​អាចជា​លើកចុងក្រោយ​បង្អស់​ដែល​ពួកគេ​រកបាន​ផលចំណេញ​ខ្ពស់​បែបនេះ។

ដើ​ម​ឆ្នាំនេះ តម្លៃ​ប្រេង​ឆៅ​មានពេលខ្លះ​បាន​ហក់​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ៨ ឆ្នាំកន្លងមក។ តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន និង​កំពុង​ជួយ​ឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ចាក​ផុតពី​ដំណើរ​នៃ​ឱនភាព​សេដ្ឋកិច្ច​ដែល​អូស​បន្លាយពេល​ជិត ១ ទសវត្សរ៍​កន្លង។

បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ធ្លាប់​បានទទួល​ផលចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​កាលពី​ទសវត្សរ៍​ទី ៧០, ៨០ និង​ដើម​សតវត្សរ៍​នេះ។ ប៉ុន្តែ ការយល់ឃើញ​អំពី​ការប្រើប្រាស់​ថាមពល​កំពុងតែ​ផ្លាស់ប្ដូរ ប្រការ​នេះ​មានន័យថា វដ្ដ​នៃ​ការឡើង​ថ្លៃ​របស់​ប្រេង​ពិបាក​នឹងមាន​ស្ថិរភាព។ ក្រុមអ្នកវិភាគ​យល់ថា បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស គួរតែ​ត្រៀមខ្លួន​សម្រាប់​បញ្ហា​នេះ។

«នេះ​ប្រាកដជា​ដំណាក់កាល​ចាប់ផ្ដើម​សម្រាប់​ការបញ្ចប់​ការរកស៊ី​មានបាន​ដោយសារ​ប្រេង​រ៉ែ» Karen Young អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល Columbia ស្ដីពី​គោលនយោបាយ​ថាមពល​សកល បានឱ្យដឹង​ដូច្នេះ។

បណ្ដា​ប្រទេស​លោកខាងលិច​កំពុងតែ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ។ ប្រការនេះ​កាន់តែ​ចាំបាច់​ដោយសារតែ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន និង​កំពុង​បង្ក​ការ​​រាំងស្ទះដល់​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​សម្រាប់​អឺរ៉ុប។ យោងតាម Young «តម្លៃ​ប្រេង​ឡើង​ខ្ពស់​ក្នុងឆ្នាំនេះ​មិន​ប្រក្រតី។ វា​មិន​ត្រឹមតែ​ជា​វិបត្តិ​ប្រេង ប៉ុន្តែ​គឺជា​ការប្ដូរ​ផ្លាស់​យ៉ាង​ធំ​ស្ដីពី​រចនាសម្ព័ន្ធ​ថាមពល​សកល»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឱ្យដឹងថា បណ្ដា​ប្រទេស​នាំចេញ​ប្រេង​នៅ មជ្ឈិមបូព៌ា ត្រូវបាន​ព្យាករ​ថា រកបាន ១.៣ ទ្រី​លាន​ដុល្លារ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល ៤ ឆ្នាំ ដោយសារ​ការឡើង​ថ្លៃ​ប្រេង​នាបច្ចុប្បន្ន។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ថា ពួកគេ​មិនគួរ​ប្រើប្រាស់​ខ្ជះខ្ជាយ​ប្រាក់​ទាំងនេះ។ បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា គួរតែ​ការពារ​ខ្លួន​ពី​ការប្រែប្រួល​របស់​តម្លៃ​ប្រេង តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​ទាំងនេះដើម្បី​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រភព​ចំណូល​ ចៀសវាង​ការពឹងផ្អែក​ទៅលើ​តែ​រ៉ែ​ប្រេង៕

Advertisement