ទូទាំងពិភពលោក អាច​បាត់​បង់​ប្រាក់ ២.៨ ទ្រីលាន​ដុល្លារ​អាម៉េរិក ព្រោះតែ​សង្គ្រាម​រវាង​ រុស្ស៊ី និង​អ៊ុយក្រែន

OECD យល់​ថា ពិភពលោក​កំពុង​តែ​ត្រូវ «បង់ថ្លៃ​យ៉ាង​ធំធេង» សម្រាប់​សង្គ្រាម​នៅ អ៊ុយក្រែន និង​ព្រម​មាន​ថា អឺរ៉ុប នឹង​ធ្លាក់​ទៅ​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។

អង្គការសម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ (OECD) កាលពី​ថ្ងៃទី ២៦ កញ្ញា បាន​គណនា​ឃើញ​ថា យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹង​ធ្វើ​ឱ្យ​ GDP ទូទាំង​សកលលោក​បាត់​បង់​ ២.៨ ទ្រីលាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ចុង​ឆ្នាំ​ក្រោយ​។ តួលេខ​នេះ​អាច​ខ្ពស់​ជាង​បើសិន​ជា​រដូវ​ត្រជាក់​ធ្វើ​ឱ្យ​ អឺរ៉ុប ត្រូវ​បែង​ចែក​ការ​ប្រើប្រាស់​ថាមពល​។

សង្គ្រាម​រវាង​ រុស្ស៊ី និង អ៊ុយក្រែន បាន​បណ្ដាល​ឱ្យ​តម្លៃ​ថាមពល​កើន​ឡើង​ខ្ពស់​ខ្លាំង ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​គ្រួសារ​ត្រូវ​ធ្លាក់​ចុះ ហើយ​​ការ​​ជឿជាក់​​ក្នុង​អាជីវកម្ម​ មុខ​ជំនួញ​ក៏​ត្រូវ​ថយ​ចុះ ពិសេស​គឺ​នៅ អឺរ៉ុប​។ សង្គ្រាម​នេះ​កំពុង​តែ​បង្ក​ឱ្យ​មាន​ភាព​រអាក់​រអួល​ចំពោះ​បណ្ដាញ​ផ្គត់ផ្គង់​ បញ្ហា​ខ្វះខាត​ស្បៀង​អាហារ ទំនិញ​សំខាន់ៗ​ និង​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​ទីផ្សារ​ពិភពលោក​។

រដ្ឋាភិបាល​នានា​នៅ អឺរ៉ុប បារម្ភ​ថា សង្គ្រាម​នេះ​អាច​អូស​បន្លាយ​ពេល​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត​។ បញ្ហា​នេះ​នឹង​​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​ទៅ​លើ​សេដ្ឋកិច្ច​សកល​។ «យើង​ទាំង​អស់​គ្នា​កំពុង​តែ​បង់​ថ្លៃ​យ៉ាង​ខ្ពស់​សម្រាប់​សង្គ្រាម​នេះ» Alvaro Santos Pereira ប្រធាន​ក្រុម​សេដ្ឋកិច្ច​នៅ OECD អះអាង​ដូច្នេះ​។

នៅ​ក្នុង​របាយការណ៍​ព្យាករណ៍​កាលពី​ម្សិល​ម្ង៉ៃ OECD យល់​ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​អាច​មាន​កំណើន​ ៣%​ ក្នុង​ឆ្នាំ​នេះ និង ២.២%​ ក្នុង​ឆ្នាំ​ក្រោយ​។ នៅ​មុន​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយក្រែន តួលេខ​នេះ​គឺ ៤.៥% និង ៣.២%។

ចំពោះ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ OECD គណនា​ឃើញ​ថា GDP នឹង​កើន​តែ ០.៣% ប៉ុណ្ណោះ​នៅ​​ឆ្នាំ​ក្រោយ​។ សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ ត្រូវ​បាន​ព្យាករ​ថា នឹង​ថយ​ចុះ ០.៧%។

OECD ក៏​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់ អឺរ៉ុប អាច​ធ្លាក់​ចុះ​ជ្រៅ​ជាង​នេះ​ បើ​សិន​តម្លៃ​ថាមពល​កើន​ឡើងមក​វិញ​។ បើសិន​តម្លៃ​ឧស្ម័ន​កើន​ឡើង ៥០% នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ នោះ GDP របស់ អឺរ៉ុប អាច​ថយ​ចុះ ១.៣% ក្នុង​ឆ្នាំ​ ២០២៣​។ សេដ្ឋកិច្ច​សកល​ក៏​នឹង​មាន​កំណើន​តែ ១.៧% ប៉ុណ្ណោះ​។ «អឺរ៉ុប នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច» Pereira បញ្ជាក់​ដូច្នេះ​។

រដ្ឋាភិបាល​នានា​នៅ អឺរ៉ុប បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ និង​ក្រុម​ហ៊ុន​ សហគ្រាស​ដែល​រង​ផលវិបាក​ដោយ​សារ​តម្លៃ​ឥន្ធនៈ​កើន​ឡើង​ខ្ពស់​។ ប្រទេស​មួយចំនួន​ថែមទាំង​កំណត់តម្លៃ​ពិតាន​លើ​ថាមពល​។ ប៉ុន្តែ ប្រការ​ទាំង​នេះ​បែរ​ជា​ធ្វើ​ឱ្យ​គ្រួសារ​ទាំង​ឡាយ​មិន​មាន​កត្តាជំរុញ​សម្រាប់​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ​។

ទន្ទឹម​នឹង​នេះ គោលនយោបាយ​ផ្ដល់​ជំនួយ​ខាងលើ​ថែម​ទាំង​ធ្វើ​ឱ្យ​បំណុល​សាធារណៈ​កើន​ឡើង​ខ្ពស់​ខ្លាំង​។

OECD បាន​ទម្លាក់​​ការ​ព្យាករ​លើ​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ​ក្រោយ​ ចុះ ០.៥%។ GDP របស់​ខឿន​សេដ្ឋកិច្ច​ធំបំផុត​ក្នុង​ពិភភពលោក​នេះ​អាច​ធ្លាក់​​ចុះ​ជ្រៅ​ជាង​នេះ​ បើសិន​អតិផរណា​មិន​អន់ថយ​រហ័ស​ដូច​ការ​រំពឹង​ទុក​របស់​ Fed (ធនាគារ​កណ្ដាល​របស់ សហរដ្ឋ​អាម៉េរិក)។

ចំពោះ​ ប្រទេស​ចិន OECD យល់​ថា សេដ្ឋកិច្ច​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២៣​ ក្រោយ​ពី​វេទនា​នៅ​ក្នុង​ឆ្នាំ​នេះ​។ GDP របស់ ប្រទេស​ចិន អាចមាន​កំណើន​ ៣.២% ក្នុង​ឆ្នាំ​នេះ និង ៤.៧% ក្នុង​ឆ្នាំ​ក្រោយ​៕

Advertisement