មហាសេដ្ឋី​ឥណ្ឌា Adani ៖ ប្រទេស​ចិន មាន​ហានិភ័យ​ត្រូវគេ «ដាក់​ឱ្យនៅ​ឯកា» ខណៈ ឥណ្ឌា ឆ្ពោះទៅរក​តំណែង​ជា​សេដ្ឋកិច្ច​ធំ​ទី ៣ ក្នុង​ពិភពលោក

មហាសេដ្ឋីឥណ្ឌា លោក Gautam Adani

មហាសេដ្ឋី Gautam Adani យល់ថា ប្រទេស​ចិន អាច​នឹងត្រូវ​បាន​គេ​ដាក់ឱ្យ​ឯកា​កាន់តែខ្លាំង ក្នុងពេលដែល ឥណ្ឌា ស្ថិតនៅ​ចំពោះមុខ​ក្ដីសង្ឃឹម បើទោះជា​មាន​ឧបសគ្គ​ដែល​កើតឡើង​ដោយសារ​សង្គ្រាម បម្រែបម្រួល​អាកាសធាតុ និង​អតិផរណា។

ថ្លែង​នៅក្នុង​សន្និសីទ CEO សកល​របស់ Forbes នៅ សិង្ហ​បុរី កាលពី​ថ្ងៃទី ២៧ កញ្ញា លោក Adani ដែលជា​កំពូល​អ្នកមាន​ម្នាក់​ក្នុងចំណោម​កំពូល​មហាសេដ្ឋី ៣ រូប​របស់​ពិភពលោក យល់ថា ការកើនឡើង​នៃ​លទ្ធិ​ជាតិនិយម បណ្ដា​វិធានការ​កាត់បន្ថយ​ហានិភ័យ​សម្រាប់​បណ្ដាញ​ផ្គត់ផ្គង់ និង​ការ​មានកំណត់​អំពី​បច្ចេកវិទ្យា​នៅ ប្រទេស​ចិន អាច​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ការតភ្ជាប់​របស់​ប្រទេស​នេះ​ជាមួយនឹង​បណ្ដា​ប្រទេស។

ទន្ទឹមនឹងនេះ ហានិភ័យ​កើនឡើង​ចំពោះ​សកម្មភាព​ឥណទាន និង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ដែលជា​ខឿនសេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ ក្នុង​ពិភពលោក​នេះ ក៏​កំពុង​កើតមានឡើង​ដូច​ទៅនឹង​បញ្ហា​ដែល ជប៉ុន បាន​ជួបប្រទះ​ដោយសារ​បញ្ហា​អតិផរណា​អូសបន្លាយ​ពេល​យូរ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០។

យោងតាម​លោក Adani ឧបសគ្គ​ធំ​មួយ​ផ្សេងទៀត​ចំពោះ ចិនដីគោក នោះ​គឺ គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់ និង​ផ្លូវ» (BRI) ដែលជា​មហា​គម្រោង​បង្ហាញ​អំពី​មហិច្ឆតា​សកល​របស់ ទីក្រុង​ប៉េកាំង ក៏បាន និង​កំពុង​ជួប​បញ្ហា​ជាច្រើន។

មហាសេដ្ឋី Gautam Adani ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ ស្ដីពី​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក​ (តួលេខ​គិត​ជា​ពាន់​លាន​ដុល្លារ​អាម៉េរិក)

បច្ចុប្បន្ន BRI កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន មានដូចជា កង្វះ​ប្រភព​ហិរញ្ញវត្ថុ ការយឺតយ៉ាវ​របស់​គ​ម្រោ​ង​មួយចំនួន​ដោយសារ​កត្តានយោបាយ ការព្រួយបារម្ភ​អំពី​បំណុល និង​ឥទ្ធិពល​របស់ ចិនដីគោក ជាដើម។ លោក Adani ថ្លែងថា «ខ្ញុំ​ព្យាករ​ថា ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជើងឯក​ខាង​សកលភាវូបនីយកម្ម នឹង​កាន់​តែមាន​អារម្មណ៍​ថា ត្រូវគេ​ដាក់ឱ្យ​នៅឯ​កា»។

បើទោះជា​លើកឡើង​នូវ​មតិ​ដោយត្រង់ៗអំពី​សេដ្ឋកិច្ច​របស់ មហាអំណាច​ចិន ដូចខាងលើ ប៉ុន្តែ កំពូល​អ្នក​មាននៅ ឥណ្ឌា រូបនេះ នៅតែ​សម្ដែង​ការ​ជឿជាក់ថា សេដ្ឋកិច្ច​សកល​នឹងត្រូវ​បាន​កែលំអ និង​ប្រសើរឡើង​ទៅតាម​ពេលវេលា៕

Advertisement