កម្ពុជា អនុម័ត​គម្រោង​អភិវឌ្ឍកោះ រោង​ចក្រ និង​មន្ទីរពេទ្យ​ថ្មីចំនួន ៨ ​គម្រោង​ទៀត ដែល​មាន​ទុនសរុប​ជិត ៩០ លាន​ដុល្លារ​

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនថ្មី​ចំនួន ៨ ទៀត​ ដែល​នឹង​បណ្ដាក់​ទុន​ក្នុង​វិស័យ មន្ទីរពេទ្យ អភិវឌ្ឍ​កោះ​ត្បាល់ រោង​ចក្រ​កែច្នៃ​ម្ហូប ផលិត​គ្រឿង​បន្សំ​ស្បែក​ជើង ផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក និង​កាត់ដេរសម្លៀកបំពាក់។

គម្រោង​ថ្មី​ទាំង​ ៨ រួម​មាន​ដូចខាង​ក្រោម​ ៖

១-“ORIENDA INTERNATIONAL HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧ គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨ កន្លែង។

២-“NEW WORLD HEART & VASCULAR HOSPITAL CO., LTD” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរ​ពេទ្យ​បេះដូង​និងសរសៃឈាម ចំនួន ៣០០ គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨ កន្លែង។

៣-“TRY PHEAP KOH TUNSAY RESORTS CO., LTD” គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥ កន្លែង។

៤-“GLOBAL PASS BIOTECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣២ កន្លែង។

៥-“YURA HARNESS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦.៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤ កន្លែង។

៦-“RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨ កន្លែង។

៧-“TWHQ GARMENTS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៥៨ កន្លែង។

៨-“COBEST (CAMBODIA) FIRST GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥០ កន្លែង។

ជាសរុប ទុន​វិនិយោគ​សម្រាប់​បណ្ដា​គម្រោង​ខាងលើ​នេះ​មាន​ចំនួន​ជិត​ ៩០ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការ​ងារ​ចំនួនជាង​ ៥,០០០ កន្លែង​។

Advertisement