គម្រោង​វិនិយោគ​​ថ្មី​ចំនួន 6 ដែល​មាន​ទុន​​​សរុប 255 លាន​ដុល្លារ​អាម៉េរិក នឹង​បង្កើត​ការ​ងារ​ 5 ពាន់​កន្លែង​នៅ កម្ពុជា

អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន 6 ដែលមាន​ទុនវិនិយោគ​សរុប​​ប្រមាណ 255 លាន​ដុល្លារ​អាម៉េរិក និង​គ្រោង​បង្កើត​ការងារ​បាន​ជិត 5,000 កន្លែង នៅក្នុង​ខេត្ត​ក្រុង​មួយចំនួន​រួម​មាន ខេត្ត​ព្រះសីហនុ, ខេត្តកំពង់ចាម, រាជធានី​ភ្នំពេញ, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, កោះកុង, មណ្ឌលគិរី, ឧ​ត្ត​រ​មានជ័យ, ព្រះវិហារ, ព្រៃវែង, ពោធិ៍សាត់, សៀមរាប និង​តាកែវ។

ក្រុមហ៊ុន​វិនិយោគ​ទាំង​នេះ​​រួមាន​ ៖

«HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD» ៖ គម្រោង​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ 5 ចំនួន 957 បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ 4, សង្កាត់​លេខ 4, ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 168 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 955 កន្លែង។

«GREEN VISION RISING CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ឈើ​ដាំ​គ្រប់​ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រឡៅ​និង​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ 44.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,414 កន្លែង។

«TELEMOBILE (CAMBODIA) CORPORATION (T.C.C)» ៖ គម្រោង​វិនិយោគ​សាងសង់ ដំឡើង និង​ប្រតិបត្តិការ​បង្គោល​អង់​តែ​ន​ទូរគមនាគមន៍ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​រាជធានី​ភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និង​តាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ 27.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 106 កន្លែង។

«ZHUO KANG SHOES CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង, សង្កាត់​កន្ទោក, ខណ្ឌ​កំបូល, រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,149 កន្លែង។

«FANMAR AUTO PART (CAMBODIA) CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្លង់​គង, សង្កាត់​ព្រៃ​ស, ខណ្ឌដង្កោ, រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 127 កន្លែង។

«YANLING ACCESSORIES (CAMBODIA) CO., LTD» ៖ គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ, ឃុំ​រកា​កោះ, ស្រុក​គងពិសី, ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 203 កន្លែង៕

Advertisement