ទុនវិនិយោគ​​សរុប​សម្រាប់​​វិស័យ​ឧស្សាហកម្ម​នៅ កម្ពុជា មក​ដល់​ពាក់​កណ្ដាល​ខែ​នេះ កើន 3 ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង

(ភ្នំពេញ) – កម្ពុជា មាន​រោងចក្រ​សរុប​កើន​ដល់ 1,968 រោងចក្រ និង​មាន​ទុនវិនិយោគ​សរុប ប្រមាណ​ជាង 16 ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា 2022 នេះ​បើតាម​ការឱ្យ​ដឹង​នា​ថ្ងៃនេះ​របស់ ឯកឧត្តម ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

យោងតាម ឯកឧត្តម ហេង សុខ​គង់ បច្ចុប្បន្ន កម្ពុជា មាន​រោងចក្រ​សរុប​ឡើងដល់ 1,968 រោងចក្រ ក្នុងនោះ​មានការ​ចុះបញ្ជី​រោងចក្រ​ថ្មី​ចំនួន 161 រោងចក្រ រាប់​ចាប់ពី​ដើមឆ្នាំ 2022 ដល់​ពាក់កណ្ដាល​ខែវិច្ឆិកា 2022។ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បញ្ជាក់ថា ទុនវិនិយោគ​សរុបរ​បស់​រោងចក្រ​ទាំងនោះ មាន​ជាង 16 ពាន់​លាន​ដុល្លារ ច្រើនជាង​ប្រមាណ 3 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ 2021។

នៅក្នុង​ឆ្នាំ 2022 នេះ កម្ពុជា មាន​រោងចក្រ​ត្រូវ​បិតទ្វារ​ចំនួន 72 រោងចក្រ ប៉ុន្តែ នេះ​គឺជា​ដំណឹង​ល្អ​មួយ ព្រោះ​ថា តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ បើ​ធៀប​ទៅនឹង ១៤៨ រោងចក្រ​ដែល​ត្រូវបាន​បិទទ្វារ​កាលពី​ឆ្នាំ 2021 នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​ក្នុង​ស្រុក​៕

Advertisement