ធនាគារពិភពលោក ថា «សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​អាច​នៅ​ជួប​ឧបសគ្គ​ច្រើន​ទៀត»

សេដ្ឋកិច្ច​របស់ កម្ពុជា កំពុង​ងើបឡើង​វិញ​បានល្អ​បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូ​វីដ-19 ប៉ុន្តែ​កត្តា​អវិជ្ជមាន​នានា​ដែល​កំពុង​កើត​ឡើងលើ​សកលលោក អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​វិជ្ជមាន​សម្រាប់​កំណើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (WB) ចេញផ្សាយ​នៅ​ថ្ងៃទី 07 ធ្នូ​នេះ។

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា សម្រាប់​ខែធ្នូ 2022 របស់ WB បានឱ្យដឹងថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដរ​បស់ កម្ពុជា ជាមួយនឹង​កំណើន 4.8% នៅ​ឆ្នាំ 2022 គឺ​មួយផ្នែក​អាស្រ័យទៅលើ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍។

ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ការនាំចេញ​ស្បែកជើង​របស់ កម្ពុជា នៅ​រក្សាបាន​ភាពស្វិតស្វាញ​របស់ខ្លួន។ វិស័យ​សេវាកម្ម ជាពិសេស​ផ្នែក​ធ្វើដំណើរ និង​ទេសចរណ៍ មានដំណើរ​បាន ខណៈដែល​ភ្ញៀវ​អន្តរជាតិ​មកកាន់ កម្ពុជា បាន​កើន​ឡើងជា​លំដាប់ រហូតដល់​ទៅ 1.2 លាន​នាក់ ក្នុង​រយៈពេល 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022 នេះ​បើតាម WB។ ធនាគារ​នេះ​បន្ថែមថា កំណើនសេដ្ឋកិច្ច​ក៏​កើនឡើង​ដោយសារ «ទំនុកចិត្ត​របស់​ធុរកិច្ច និង​អ្នកប្រើប្រាស់​បាន​កើនឡើង អមដោយ​ការកើនឡើង​នៃ​ការវិនិយោគ​ក្នុងប្រទេស និង​ពី​ក្រៅប្រទេស​ផងដែរ»។

«កំណើនសេដ្ឋកិច្ច​របស់ កម្ពុជា នឹង​កើន 5.2% នៅ​ឆ្នាំ 2023 ព្រោះថា​កំណើន​នៃ​ការជួល​មនុស្ស​ធ្វើការ​នឹង​កាន់តែ​ជួយ​ដល់​ការកើនឡើង​នៃ​ការ​ទទួលទាន ការប្រើប្រាស់​ក្នុងស្រុក អមដោយ​ការធ្លាក់ចុះ​នៃ​អតិផរណា» ធនាគារពិភពលោក បាន​ព្យាករ​ដូច្នេះ។

ក៏ប៉ុន្តែ WB អះអាងថា កម្ពុជា នៅ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​នៅឡើយ ដោយសារតែ​ការវិវត្ត​សភាពការណ៍​នៅក្រៅ​ប្រទេស ក្នុងនោះ ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅមាន​សភាព​អាប់អួរ។ កំណើន​ពាណិជ្ជកម្ម​សកល​បាន​ថយចុះ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ 2022 ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ 2023 ដែល​នេះ​នឹង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុងនោះ​មាន កម្ពុជា ផងដែរ។

យោងតាម WB វិស័យ​ផលិតកម្ម​របស់ កម្ពុជា ពឹង​ផ្អែកលើ​ទីផ្សារ​នាំចេញ​ដើម្បី​រីកចម្រើន ហើយ​វា​នឹងរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង នៅពេល​កំណើនយឺតៗកាន់តែ​អូសបន្លាយ​ពេល​នៅ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់ កម្ពុជា។ ដូចគ្នានេះដែរ ការវិនិយោគ និង​លំហូរ​មូលធន​ទំនងជា​នឹង​ថយចុះ ដោយសារ​ការធ្លាក់ចុះ​បន្តិចម្តងៗនូវ​ទុន​ពី ប្រទេស​ចិន ដែលជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ធំ​បំផុត​របស់ កម្ពុជា គិត​មកទល់ពេលនេះ។

នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ លោកស្រី ម៉ា​រៀម ស័​រ​មែន បាន​មានប្រសាសន៍ថា ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ផល​ប៉ះទង្គិច​ដោយសារ​ការធ្លាក់​ចុះ​នៃ​តម្រូវការ​នៅក្រៅ​ប្រទេស កម្ពុជា​គួរ​ចាត់វិធានការ​ដើម្បី​ពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​ទាក់ទាញ៕

Advertisement