4 ក្រុម​ហ៊ុន​គ្រោង​វិនិយោគ​ជាង 16 លាន​ដុល្លារ​បង្កើត​រោង​ចក្រ​ថ្មី​នៅ​កម្ពុជា

គម្រោង​បង្កើត​រោងចក្រ​ថ្មី​ចំនួន 4 កន្លែង​នៅ ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង 16 លាន​ដុល្លារ​អាម៉េរិក​នេះ នឹង​បង្កើត​ការងារ​ជាង 700 នាក់។

គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន 4 រួមមាន ៖

ក្រុមហ៊ុន QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​​ទុន​វិនិយោគ​​ប្រមាណ 6.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 300 នាក់។

ក្រុមហ៊ុន CHUANGJU PLASTICS (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ប្រមាណ 6.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 300 នាក់។

ក្រុមហ៊ុន TB PACKAGING (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ពី​ក្រដាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន 2 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 80 នាក់។

ក្រុមហ៊ុន VP PRINTING AND PACKAGING CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​បោះពុម្ព និង​ផលិត​ផលិតផល​វិច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​ល​យ៉ា​ល់ គ្រុប ភ្នំពេញ, រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 1.6 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 60 នាក់៕

Advertisement