ប្រទេស​អ៊ូ​ហ្ក​ង់​ដា ផ្ដល់​ម៉ូតូ​អគ្គិសនី​ដល់​ប្រជាជន​ដោយ​មិន​គិតថ្លៃ

បច្ចុប្បន្ន លើ​ពិភពលោក​មានការ​លើក​ទឹកចិត្ត និង​ការបញ្ចុះ​អត្រាពន្ធ​ជាច្រើន​ដើម្បី​ជួយ​ឱ្យ​យានយន្ត​អគ្គិសនី​មានតម្លៃ​ទាប​ជាង​មុន ប៉ុន្តែ ថ្មីៗនេះ ប្រទេស​អ៊ូ​ហ្ក​ង់​ដា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​នៅពេល​ប្រកាស​ចែក​ម៉ូតូ​អគ្គិសនី​ដល់​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ។

នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុងឆ្នាំ ប្រធានាធិបតី​របស់ សាធារណរដ្ឋ​អ៊ូ​ហ្ក​ង់​ដា លោក Yoweri Kaguta Museveni ប្រកាសថា នឹងមាន​ការចែក​ម៉ូតូ​អគ្គិសនី​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ។ ការចែកជូន​នេះ​នឹងត្រូវ​បានធ្វើ​ឡើង​ក្នុង​ទម្រង់​ដោះដូរ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ម៉ូតូ​ម៉ាស៊ីន​ចំហេះ​ក្នុង។

រដ្ឋាភិបាល​អ៊ូ​ហ្ក​ង់​ដា នឹង​មិនមែនជា​អ្នកផ្ដល់ជំនួយ​ដោយផ្ទាល់​សម្រាប់​កម្មវិធី​នេះ​ទេ។ «យើង​បាន​ព្រមព្រៀងគ្នា​ជាមួយនឹង​អ្នកវិនិយោគ​មួយចំនួន​ស្ដីពី «ការបោះបង់​ម៉ូតូ​សាំង និង​ងាក​ទៅប្រើ​ម៉ូតូ​អគ្គិសនី»។ ការដោះដូរ​នេះ​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​កាត់បន្ថយ​ការចំណាយ​បាន 50%។

អ្នកវិនិយោគ​ទាំងនោះ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​សម្រាប់​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី និង​ស្ថានីយ​ប្ដូរ​ថ្ម ដើម្បីឱ្យ​ពួកគេ​រក​ចំណូល​ត្រលប់​មកវិញ។

ម៉ូតូដែល​ពេញ​និយម​នៅ អ៊ូហ្កង់ដា

ម៉ូតូ​អគ្គិសនី​ដែល​យកមក​ប្ដូរ​គឺជា​ប្រភេទ​អាច​រត់​ឌុប​បាន និង​ជា​ម៉ូតូ​ដែល​ផលិត​នៅ អ៊ូ​ហ្ក​ង់​ដា ហើយ​មានតម្លៃ​ប្រហែល 5 លាន​ស៊ី​លីង​អ៊ូ​ហ្គ​ង់​ដា ប្រហែល​នឹង 1,350 ដុល្លារ​អាម៉េរិក។

ម៉ូតូអគ្គិសនីម៉ាក Zembo ដែល​ផលិត​នៅ អ៊ូហ្កង់ដា

ក្រៅពី​ផលប្រយោជន៍​ផ្នែក​បរិស្ថាន ម៉ូតូ​អគ្គិសនី​ក៏​ជួយ​ដល់​អ្នករត់​ឌុប​ឯករាជ្យ​ផងដែរ ដោយសារតែ​ការចំណាយ​លើ​ការបញ្ចូល​អគ្គិសនី​មាន​កម្រិត​ទាប​ជាង​ម៉ូតូ​សាំង៕

Advertisement