រាជធានី​តូ​ក្យូ ផ្ដល់ប្រាក់​សំណង​សម្រាប់​ពលរដ្ឋ​ដែល​យល់ព្រម​ចាក​ចេញពី​ទីក្រុង

រាជធានី​តូ​ក្យូ របស់ ប្រទេស​ជប៉ុន នឹង​ផ្ដល់ប្រាក់​សំណង​ដល់​ពលរដ្ឋ​ទាំងឡាយណា​ដែល​យល់ព្រម​ចាក​ចេញពី​ទីក្រុង ដោយយោង​ទៅ​តាម​​ការកំណត់​ថ្មី​ដែល​​នឹងមាន​សុពលភាព​ចាប់ពី​ខែមេសា 2023។

ដើម្បី​កាត់បន្ថយ​សម្ពាធ​នៃ​​ចំនួន​ប្រជាជន​នៅ 23 ខណ្ឌ​ក្នុង​រាជធានី​តូ​ក្យូ រាជរដ្ឋាភិបាល​ជប៉ុន បានឱ្យដឹងថា នឹង​ផ្ដល់ជំនួយ 5 លាន​យ៉េន (37,700 ដុល្លារ​អាម៉េរិក) ដល់​គ្រួសារ​ទាំងឡាយណា​ដែល​យល់ព្រម​រើ​ពី​រដ្ឋធានី​ទៅ​រស់នៅ និង​ធ្វើការ​រកស៊ី​នៅ​កន្លែង​ដទៃ។

យោងតាម​គោលនយោបាយ​ខាងលើ គ្រួសារនីមួយៗនឹង​ទទួលបាន​សំណង ឬ​ជំនួយ 1 លាន​យ៉េន (7,550 ដុល្លារ​អាម៉េរិក) សម្រាប់​សមាជិក​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។ បើសិន​គ្រួសារ​មួយ​មានកូន 2 នាក់​អាយុ​ក្រោម 18 ឆ្នាំ ចាក​ចេញពី តូ​ក្យូ និង​បើក​អាជីវកម្ម​មួយ​នៅ​លំនៅ​ថ្មី ពួកគេ​នឹង​ទទួលបាន​កញ្ចប់​ជំនួយ​ឡើងដល់ 5 លាន​យ៉េន។

បច្ចុប្បន្ន នៅ​ទូទាំងប្រទេស​ជប៉ុន មាន​ភូមិ និង​ទីរួមស្រុក​ប្រហែល 1,300 បាន​ចុះឈ្មោះ​ទទួលយក​អ្នក​ដែល​ចង់​ចាក​ចេញពី តូ​ក្យូ។

រាជធានី​តូ​ក្យូ មាន​ប្រជាជន​ប្រហែល 35 លាន​នាក់ ស្មើនឹង 28% នៃ​ប្រជាជន​សរុប​នៅ ជប៉ុន និង​ជា​តំបន់​ទីក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ​លើ​ពិភពលោក។ ចំណែក​នៅ​ទីរួមស្រុក និង​ភូមិឋាន​នៅ​ជនបទ មិនមាន​មនុស្ស​ច្រើន ក្រុមហ៊ុន សហគ្រាស​តែង​តែ​​ខ្វះ​បុគ្គលិក និង​អតិថិជន។

តាម​ការប៉ាន់ស្មាន ចំនួន​ផ្ទះ​ដែលមិន​មាន​មនុស្ស​រស់នៅ​ក្នុងប្រទេស​ជប៉ុន នឹង​កើន​ដល់​ប្រហែល 10 លាន​ខ្នង​នៅក្នុង​ឆ្នាំនេះ៕

Advertisement