ធនាគារ​ពិភពលោក​​ (WB) ព្យាករ​ថា សេដ្ឋកិច្ច​សកល​ឆ្នាំ 2023 អាច​ធ្លាក់​ទៅ​ក្នុង​វិបត្តិ

ក្នុង​ការ​ព្យាករ​ស្ដីពី​សេដ្ឋកិច្ច​ថ្មី​បំផុត​កាល​ពី​ថ្ងៃទី 10 មករា 2023 ធនាគារ​ពិភពលោក (World Bank – WB) បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​ច្រើន​ចុះ​មក​ត្រឹម​ឱនភាព​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ពី​កំណើន​ការ​ប្រាក់​ សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ​។

Reuters ដក​ស្រង់​ព័ត៌មាន​​ពី​ធនាគារ​ពិភពលោក​ ឱ្យ​ដឹង​ថា កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) នៅ​ទូទាំង​សកល​លោក​គ្រោង​នឹង​មាន​អត្រា 1.7% ក្នុង​ឆ្នាំ​ 2023​ ដែល​នេះ​គឺជា​កំណើន​យឺត​បំផុត​រាប់​ចាប់​ពី​ឆ្នាំ 1993 លើក​លែង​តែ​ឆ្នាំ​ 2009 និង 2020 ដែល​មាន​វិបត្តិ​ធ្ងន់​ធ្ងរ​។

តួលេខ​ខាងលើ​ត្រូវ​បាន​ទម្លាក់​ចុះ​ទាប​ធៀប​នឹង​នៅ​ក្នុង​របាយការណ៍​​ទស្សនវិស័យសេដ្ឋកិច្ចសកល​​កាល​ពី​ខែ​មិថុនា 2022​ ដែល​ពេល​នោះ WB បាន​ព្យាករ​ថា កំណើន​ GDP ទូទាំង​ពិភពលោក​​នៅ​ឆ្នាំ 2023 ស្ថិត​នៅ​ត្រឹម 3.0%​។

ក្រៅ​ពី​នេះ ការ​ព្យាករ​អំពីកំណើន​សេដ្ឋកិច្ច​សកល​ថ្មី​បំផុត​សម្រាប់​ 2024 ក៏​ត្រូវ​បាន​ទម្លាក់​​ពី​ 2.9% ក្នុង​របាយការណ៍​ឆ្នាំ 2022 មក​នៅ​ត្រឹម​ 2.7% ក្នុង​របាយការណ៍​​ចុង​ក្រោយ​នា​​បច្ចុប្បន្ន​។ កំណើន​មធ្យម​ក្នុង​ដំណាក់កាល​ពី​ឆ្នាំ 2020 ដល់ 2024 នឹង​ស្ថិត​ក្រោម 2% ​ជា​រយៈ​ពេល​ដែល​មាន​កំណើន​យឺត​ជាង​គេ​បង្អស់​រាប់​ពី​ឆ្នាំ 1960​។

ក្នុង​ប្រកាស​មួយ​ដែល​អម​នឹង​របាយការណ៍​ព្យាករ​ខាងលើ WB បាន​សង្កត់ធ្ងន់​ថា ដោយ​មាន​សេដ្ឋកិច្ច​ផុយ​ស្រួយ​ដូច​បច្ចុប្បន្ន​ រាល់​ការ​ប្រែប្រួល​អវិជ្ជមាន​ណា​មួយ​ក៏​អាច​រុញ​ច្រាន​សេដ្ឋកិច្ច​សកល​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​។ ការ​ប្រែប្រួល​អវិជ្ជមាន​នេះ​អាច​​ជាអតិផរណា​កើន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក ការ​ប្រាក់​កើន​ឡើង​ភ្លាមៗ​ដើម្បី​គ្រប់​គ្រង​អតិផរណា​ ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​រាតត្បាត​សកល​កូវីដ-19 ឬ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្ដា​ប្រទេស​ធំៗ និង​​ភាព​តាន​តឹង​ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​​មាន​ការ​កើន​ឡើង​ជា​ដើម​៕

Advertisement