សេដ្ឋកិច្ច​ឌីជីថល ជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា សេដ្ឋកិច្ច​ឌីជីថល គឺជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល ហើយ​តាមរយៈ​ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញ​ឱ្យឃើញថា ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​រំពឹងថា កើនឡើង​ដល់ 200 ប៊ី​លាន​ដុល្លារ ក្នុង​រង្វង់​ពេល 10ឆ្នាំ​ខាងមុខនេះ។

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​ឯកឧត្តម ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ដំណោះស្រាយ នៃ​ភាពស្មុគស្មាញ នៃ​សន្តិសុខ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន នៅក្នុង​យុគសម័យ​នៃ​ការតភ្ជាប់ (Tame the Complexity of Cybersecurity in the Connected Age) កាលពី​ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 នេះ នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​នូវ​ការរីកចម្រើន​លូតលាស់យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ក៏ដូចជា​ការ​ទីផ្សារ និង​សេដ្ឋកិច្ច នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន។

ឯកឧត្តម​បាន​មានប្រសាសន៍ថា “សេដ្ឋកិច្ច​ឌីជីថល គឺជា​វិស័យ​មួយ​ដ៏​ចម្បង​សម្រាប់​កម្ពុជា និង​អាស៊ាន​ទាំងមូល ហើយ​តាម​ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញ​ឱ្យឃើញថា ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​រំពឹងថា កើនឡើង​ដល់ 200 ប៊ី​លាន​ដុល្លារ ក្នុង​រង្វង់​ពេល 10ឆ្នាំ​ខាងមុខនេះ ដែល​នៅ​ក្នុងនោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 88ប៊ី​លាន​ដុល្លារ”។

ឯកឧត្តម រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា ក្នុងខណៈ​ពេលដែល​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន បាន​នាំមក​នូវ​ឱកាសថ្មីៗជាច្រើន វា​ក៏បាន​បើកចំហ​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ជាច្រើន​ដល់​យើងទាំងអស់គ្នា។ ជាស​កល ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ការវាយប្រហារ គឺ​កាន់​តែមាន​ភាពស្មុគស្មាញឡើងៗ ហើយ​ផលប៉ះពាល់ ក៏មាន​ទំហំធំធេង​ដែរ។

នៅ​កម្ពុជា ក៏​អាចនឹងទទួល​រង​ពី​ការគំរាមកំហែង​នោះដែរ។ លើសពីនេះទៅទៀត បណ្តាញ​អុីន​ធើ​ណិ​តរបស់​រដ្ឋាភិបាល ទទួលរង​ការវាយប្រហារ​ដោយ​មេរោគ ការ​ជ្រៀតចូល​លួច​ទិន្នន័យ និង​ការកែប្រែ​ព័ត៌មាន នៅក្នុង​វេ​ប​សាយ​ជាដើម។ ក្នុងនោះ​ផងដែរ យើង​ក៏​ធ្លាប់​ទទួលរង​គ្រោះ ដោយ​ការវាយប្រហារ​ក្នុង​ទម្រង់ DDoS ដែល​ធ្វើឱ្យ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា មាន​ភាពរអាក់រអួល មិន​ដំណើរការ។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បានបញ្ជាក់​ទៀតថា កម្ពុជា​ត្រូវការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។

ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ សង្ឃឹម និង​ជឿជាក់ថា សិក្ខាសាលា​នេះ នឹងចូលរួម​ចំណែក​ជាមួយនឹង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ ដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី6 នៃ​រដ្ឋសភា នៅក្នុង​ចតុកោណ​ទី2 គឺ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ត្រង់​មុំ​ទី3 បាន​កំណត់ថា “ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4”។

ថ្មីៗនេះដែរ ដំណើរការ​សាកល្បង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី5 (5G)របស់​ក្រុមហ៊ុន Yes Seatel (Yes 018) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ដើម្បី​ឆ្លើយតប​នឹង​ចក្ខុ​វិស័យនេះ ក្រសួង​កំពុងដំណើរការ​ទៅមុខ​យ៉ាង​ល្អ​ក្នុង​ការចេញ​អាជ្ញាប័ណ្ណ​វិសាល​គម​ន៍5G ដល់​ប្រតិបត្តិ​ករ ហើយ​ក្រសួង​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅ​កម្ពុជា ដើម្បីឱ្យ​បណ្តា​ខេត្ត ក្រុង​ទាំងអស់​បានទទួល​ប្រព័ន្ធ​សេវា 5G យ៉ាង​ឆាប់រហ័ស​ផងដែរ”។

“ចក្ខុវិស័យ​របស់​ផែនការមេ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​អាស៊ាន​ឆ្នាំ2020 នឹង​ជំរុញ​អាស៊ាន​ឆ្ពោះទៅកាន់​ការប្រកាន់យក​សេដ្ឋកិច្ច​ឌីជីថលដែលមាន​សុវត្ថិភាព​ខ្ពស់ ចីរភាព និង​មាន​ភាព​រីកលូតលាស់ ហើយ​ធ្វើឱ្យ​សហគមន៍​អាស៊ាន ក្លាយជា​សហគមន៍​មួយ មាន​នវានុវត្តន៍​ភាព ពេញលេញ និង​រួមបញ្ចូល​គ្នា​តែមួយ”។ នេះ​បើតាម​ការ​ថ្លែង​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍។

ឯកឧត្តម ត្រាំ អុីវតឹក បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​វិនិយោគ និង​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G នេះ​បាន​ជោគជ័យ ជា​បន្តបន្ទាប់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​បទពិសោធ និង​អត្ថប្រយោជន៍​ជាច្រើន​ពី​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ផងដែរ។

តាម GSMA: The GSM Association (Global System for Mobile Communications originally Groupe Spécial Mobile) បច្ចេកវិទ្យា​5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប 4.8% សម្រាប់​ប្រទេស។ បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់ប្តូរ​ពិភពលោក តាមរយៈ​បច្ចេក វិទ្យា AI Robotics, Dronas IoT និង​បច្ចេកវិទ្យា Smart Cities។ Yes 018 មាន​បណ្តាញ​4G 100% ដែល​បាន​គ្រប់​ដណ្តប់​ចំនួន​ប្រជាជន​ជាង 90% នៅក្នុង​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​សេវា 5G ផ្តល់នូវ​ភាពងាយស្រួល និង​ផ្តល់​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​សេវា 4G ចំនួន 10ដង និង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​សេវា​អ៊ី​ន​ធើ​ណិ​ត ជាទី​ទុកចិត្ត​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​អេឡិចត្រូនិកផ្សេងៗ ជាមួយនឹង​ល្បឿន​លឿន​ក្នុង​ការទាញយក​ទិន្នន័យ​ជា​មធ្យម 1GB។

ការពង្រីក​បច្ចេកវិទ្យា 5G មុនគេ​នេះ គឺ​ដើម្បី​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់​ប្រទេស​កម្ពុជា ដោយ​ឯកឧត្តម​បាន​កត់សម្គាល់ថា នឹងមាន​ចំនួន​ការតភ្ជាប់​ការប្រើប្រាស់​ប្រព័ន្ធ​អុីន​ធើ​ណិ​តតាមរយៈ​ឧបករណ៍​អេឡិចត្រូនិក គ្រប់​ប្រភេទ​កាន់តែច្រើន ដែល​នឹង​ផ្តល់នូវ​ភាពងាយស្រួល និង​ភាពទំនើប​ទាន់សម័យ ដល់​ការរស់នៅ​បែប​សម័យថ្មី។

គួរ​បញ្ជាក់ដែរថា សិក្ខាសាលា​ខាងលើនេះ ត្រូវបាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ក្រោម​ការគាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែលជា​តំណាង​មកពី​ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល វិស័យ​ឯកជន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សហគ្រាស​មីក្រូ តូច និង​មធ្យម និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា សរុប 135នាក់។

សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​ទៅដល់​មន្ត្រី និង​បុគ្គល​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន (Cybersecurity) ដើម្បី​យល់ដឹង​អំពី​បច្ចេកទេសថ្មីៗ ក្នុងការ​ឆ្លើយតប​ទៅនឹង​ហានិភ័យ​នានា ដែល​អាច​កើតមានឡើង ក្នុង​ប្រព័ន្ធ​អុីន​ធើ​ណិ​ត៕

Advertisement