សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ​សម្រួល ការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម ពី​ចិន

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ​សម្រួល ការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម ពី​ចិន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​សម្រួលការ​ដឹកជញ្ជូន​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​យកមក​ផ្គត់​ផ្គង​រោងចក្រ​កាត់ដេរ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​លឿន កាន់តែ​ល្អ ខណៈ​កប៉ាល់​ដឹកជញ្ជូន​វត្ថុធាតុដើម​មកពី​ចិន​បាន​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​តាំងពីដើម​សប្ដាហ៍​កន្លងទៅ។

សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី10 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា រដ្ឋាភិបាល​ចិន​បាន ផ្តល់​កប៉ាល់ ចំនួន 7គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន​វត្ថុធាតុដើម​មកកាន់​កម្ពុជា ខណៈដែល​យប់​ថ្ងៃទី 9 ខែមីនា កប៉ាល់​ដឹកទំនិញ​ដែលជា​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិតកម្ម​នៅ​កម្ពុជា​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ដោយ​ផ្ទុកទំនិញ​ចំនួន​ជាង 60កុងតឺន័រ។

សម្ដេច​តេ​ជោ បាន​ថ្លែងថា៖“កប៉ាល់​ចំនួន7 ដែល​ដឹកជញ្ជូន​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​រោងចក្រ​នៅ​កម្ពុជា មាន​ចំនួន5 បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​កប៉ាល់​ចំនួន 2ទៀត នឹង​ចូល​ចត​នៅ​កំពង់ផែ​ហូជីមិញ សម្រាប់​ផ្គត់ផ្គង់​ដល់​ចង្វាក់​ផលិតកម្ម​រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ដែលមាន​កម្មករ​សរុប​ប្រមាណ 31,000នាក់ និង​រោងចក្រ​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម មាន​ចំនួន​កម្មករ​សរុប ចំនួន​ជាង 4,000នាក់ ដែល​រោងចក្រ​ទាំងនេះ ភាគច្រើន​ផលិត​សម្ភារ​ពេទ្យ”។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា សម្រាប់​កប៉ាល់​ទាំង 7គ្រឿង​នេះ នឹង​ដឹកជញ្ជូន​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​ក្នុងរ​ង្វិ​ល​ជុំ។ ដោយឡែក នៅពេលដែល​វត្ថុធាតុដើម​ចូល​មកដល់​កំពង់ផែ មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​ជួយ​សម្រួល​ក្នុងការ​ដឹកជញ្ជូន​ចូល​រោងចក្រ បើ​ក្នុង​លក្ខខណ្ឌ​ចាំបាច់ ត្រូវ​ដឹកជញ្ជូន​នៅពេល​ថ្ងៃ អាច​ប្រើ​រថយន្ត​ស៊ី​រ៉ែ​ន​បើកផ្លូវ​តែម្ដង សំដៅ​ដល់​ការធានា និង​ជំរុញ​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ។ ពិសេស​ខាង​កំពង់ផែ និង​គយ ត្រូវធ្វើ​យ៉ាងណា​សម្រួល​ដ​ល់​ការដឹកជញ្ជូន​ឱ្យដល់​រោងចក្រ​ឱ្យបាន​ឆាប់រហ័ស​បំផុត។

ក្រុមហ៊ុន​ដឹកជញ្ជូន SITC CONTAINER LINES CAMBODIA, ក្រុមហ៊ុន​ដឹកជញ្ជូន COSCO SHIPPING/RCL, ក្រុមហ៊ុន​ដឹកជញ្ជូន​Oriental Overseas Container Line, ក្រុមហ៊ុន​ដឹកជញ្ជូន SINOTRANS / RCL និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងទៀត បាន​សហការ​រួមគ្នា​ជា​កម្លាំង ធានាបាន​នូវ​កិច្ចការ​ដឹកជញ្ជូន​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ដោយ​អស់ពី​លទ្ធភាព ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​វត្ថុធាតុដើម​ច្រើនជាងគេ មកកាន់​កំពង់​ផែ​ក្នុង​សប្តាហ៍​នេះ។

ក្នុងនោះ ក្រុមហ៊ុន​SITC ដែល​បាន​ដឹកជញ្ជូន​វត្ថុធាតុដើម​ជាង 60កុងតឺន័រ​បានមក​ដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​មុនគេ​បង្អស់​នៅ​ថ្ងៃ​ចន្ទ ទី9 ខែមីនា។ រីឯ​ភាគី​កំពង់ផែ​វិញ បាន​ជួយ​សម្រួល​ការចូល​ចត​នៃ​កប៉ាល់​ដឹក​វ​ត្តុ​ធាតុ​ដើម​ទាំងនោះ​ក្នុង​កំពង់ផែ ជួយ​លើកកម្ពស់​អត្រា​ប្រសិទ្ធភាព​នៃ​ការដាក់ ទំនិញ​ចុះ និង​អត្រា​ប្រសិទ្ធភាព​នៃ​ការផ្តល់​ទំនិញ​ដល់​អតិថិជន​នៅក្នុង​កំពង់ផែ​ផ្ទាល់ ផ្តល់​អាទិភាព​ក្នុង​ការបើក​ច្រក​សម្រាប់​រៀបចំ​ឯកសារ​បែបបទ ជួយផ្តល់​អាទិភាព​ក្នុងការ​ដឹកជញ្ជូន​កុងតឺន័រ តាមរយៈ​រថយន្តស្ទូច​ដោយមាន​ការសម្រួល​ពី​ខាង​គយ​ផងដែរ។

លោក Wu Guoquan ទីប្រឹក្សា​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា៖“យើង​ជឿជាក់ថា ស្ថិតនៅក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​សហគ្រាស​ដែល​ពាក់ព័ន្ធ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​ប្រទេស​ចិន នឹង​ដឹកជញ្ជូន​មកដល់​រោងចក្រ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ការខាតបង់​នៃ​ភាគី​កម្ពុជា​នឹង អាច​ធ្លាក់​ដល់​អត្រា​ទាប​បំផុត និង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ក្នុងប្រទេស​កម្ពុជា នឹង​ឆ្លង​ផុត​នូវ​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​បាន​យ៉ាង​ឆាប់រហ័ស”។

អគ្គលេខាធិការ GMAC លោក ខេន លូ បាន​ស្វាគមន៍​ការមកដល់​នៃ​ការដឹកជញ្ជូន​វត្ថុធាតុដើម​ប៉ុន្តែ​បាន​កត់សម្គាល់ថា ពួកគេ​នឹងមិន​គ្រប់គ្រាន់ ដើម្បី​បំពេញ​កង្វះខាត​នេះ​ទេ“ក្នុង​កាលៈទេសៈ​ធម្មតា​យើង​ត្រូវការ​វត្ថុធាតុដើម​ចំនួន 2,000 កុងតឺន័រ ដើម្បី​ផលិត​បាន ផលិតផល 1,000 កុងតឺន័រ​ប្រចាំ​សប្តាហ៍។ ឥឡូវ​យើង​មានតែ​កុងតឺន័រ​រាប់រយ​ប៉ុណ្ណោះដែល​នឹងមិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​កូតា​ផលិតកម្ម​ទេ”។ ទោះយ៉ាងណា​យើង​មាន​អំណរគុណ​ចំពោះ​ការគាំទ្រ​ទោះបីជា​វា​តិចជាង​អ្វីដែល​យើង​ត្រូវការ​ជាធម្មតា​ក៏ដោយ។

លោក​បាន​បន្ថែមទៀតថា៖“នៅពេលដែល​ស្ថានភាព​ប្រទេស​ចិន មាន​សភាព​ធម្មតា​នោះ​វត្ថុធាតុដើម​ទាំងអស់​នឹង​មកដល់​តាម​ការបញ្ជាទិញ។ រោងចក្រ​បាន​បញ្ជា​ទិញ​វត្ថុធាតុដើម​រួចទៅហើយ មុនពេល​មាន​ព័ត៌មាន​នៃ​ការឆ្លង​មេរោគ​នេះ ប៉ុន្តែអ្វីៗត្រូវបាន​ពន្យារពេល​ដោយសារតែ​ការផ្ទុះ​ឡើង។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ស្ថានភាព​នឹង​វិល​មករក​ភាពប្រក្រតីឆាប់ៗនេះ”។

ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​វត្ថុ​ធាតុ ដើម​ដែល​ដឹក​ពី​ប្រទេស​ចិន​មកដល់​ប្រទេស​កម្ពុជា រោងចក្រ​កាត់ដេរ​ចំនួន7 បាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ទទួលបាន​វត្ថុធាតុដើម។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 នេះឱ្យដឹងថា ការមកដល់​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ ជួយ​ឱ្យ​រោងចក្រ​ដែល​ព្យួរការងារ​មួយចំនួន ចាប់ផ្តើម ដំណើរការ​ឡើងវិញ​ផងដែរ​ក្នុងនោះ​រោងចក្រ​ដែល​សុំ​ព្យួរការងារ​ចំនួន 7 ដែលមាន​កម្មករ​សរុប​ប្រមាណ 10, 103នាក់ ស្ត្រី 9,173នាក់​បាន​ដំណើរការ​ឡើងវិញ។

លោក​បាន​មានប្រសាសន៍ថា៖“ការមកដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ វា​នឹង​ជួយ​ឱ្យ​រោងចក្រ​ដែល​មិនទាន់​ព្យួរ កាន់តែ​អាច​ដំណើរការ​ទៅមុខ​ដោយ​មិនបាច់​ព្យួរ។ ប្រសិនជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរគឺ​វា​នឹង ធ្វើឱ្យ​រោងចក្រ​នោះ​បើក​ឡើងវិញ។ កង្វះ​វត្ថុធាតុដើម​នេះ បានធ្វើឱ្យ​រោងចក្រ​ចំនួន 50 ព្យួរការងារ នាំឱ្យ​ប៉ះពាល់​កម្មករ និយោជិត 20,940នាក់ ស្ត្រី16,183នាក់”។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​កា​រព​ន្លឿ​ន​ការដឹក​វត្ថុធាតុដើម​ពី​ចិន​មកកាន់ប្រទេសកម្ពុជា​នេះ គឺ​កើតចេញពីទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ជាពិសេស​ភាពជា ដៃគូ​ទំនាក់ទំនង គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង2។ ការដឹកជញ្ជូន​វត្ថុធាតុដើម នឹងមាន​រយៈពេល​រហូត​ដល់​ខែឧសភា ដែល​នៅពេលនោះ​សម្តេច​សម្តែង​ក្តី​សង្ឃឹមថា ការភ័យខ្លាច​កូ​វីដ-19 ត្រូវបាន​បញ្ឈប់ ហើយ​ប្រតិបត្តិការ​របស់​រោងចក្រ​កាត់ដេរ ដែល​រង-​ផលប៉ះពាល់​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ។

នាវា​ដឹក​វត្ថុធាតុដើម​ប្រមាណ 212 ទូ​បាន​ចូល​មកដល់​ប្រទេស កម្ពុជា​ហើយ​នៅ​យប់ ថ្ងៃទី09 ខែមីនា ឆ្នាំ2020 ដើម្បី​ផ្គត់ផ្គង់​នៅតាម​រោងចក្រ​នានា។ វត្ថុធាតុដើម​ទាំងនេះ បានធ្វើឱ្យ​រោងចក្រ​ព្យួរ ការងារ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញបណ្តើរៗហើយ។

ដោយសារ​ជំងឺ​កូ​វីត-19 ដែល​វាយលុក​នៅក្នុង​ប្រទេស​ចិន បានធ្វើឱ្យ​រអាក់រអួល​ដល់​ការ ផ្គត់ផ្គង់​វត្ថុ​ធាតុដើមពី​ប្រទេស​ចិន និង​នាំឱ្យ​អាក់ខាន​ដល់​ដំណើរការ​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

Advertisement