រដ្ឋាភិបាល​ប្រកាសលើកលែងពន្ធលើប្រាក់បំណាច់​អតីតភាពការងារចាប់ពីឆ្នាំ 2020 តទៅ

កាលពីព្រឹកថ្ងៃទី 25 ខែមីនា ឆ្នាំ2020 នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំថ្មីមួយពាក់ព័ន្ធនឹងការលើកលែងពន្ធលើប្រាក់បំណាច់​អតីតភាពការងារចាប់ពីឆ្នាំពីឆ្នាំ 2020តទៅ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ក្រសួងនឹងលើកលែងពន្ធលើប្រាក់បៀវត្ស​ចំពោះប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់បំណាច់អតីតភាពការងារ​ឆ្នាំ 2019 របស់កម្មករនិយោជិត​ជាជនជាតិខ្មែរនៃផ្នែកវាយនភណ្ឌ​កាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ដោយ​អនុវត្ត​តាម​សារាចរណែនាំលេខ 003 សហវ ចុះថ្ងៃទី11 ខែមេសា ឆ្នាំ2019 ស្តីពីការលើកលែងពន្ធ​លើប្រាក់រំលឹក​អតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់អតីតភាព​ការងារ​ចាប់ពីឆ្នាំ 2019 តទៅមុខ និងសេវាការងារ​ធ្វើ បណ្តុះបណ្តាល​ បញ្ជូន និង​គ្រប់គ្រង​ពលករ ឬកម្មសិក្សាការី​ទៅធ្វើការនៅបរទេស។

ចំពោះប្រាក់អតីតភាពការងារ​ចាប់ពីឆ្នាំ 2020 របស់កម្មករនិយោជិត នៃផ្នែកវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងផ្នែក​ដទៃទៀត​ត្រូវអនុវត្ត​តាមគោលការណ៍ដូចជាលើកលែងពន្ធលើប្រាក់បៀវត្ស​ចំពោះប្រាក់បំណាច់​អតីតភាពការងារ ដែលមានទឹកប្រាក់មិនលើសពី 4លានរៀលក្នុងមួយឆ្នាំ។ ចំពោះប្រាក់បំណាច់អតីតភាព​ការងារដែលមានទឹកប្រាក់លើសពី 4លានរៀលក្នុងមួយឆ្នាំត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងករណីដែលប្រាក់បំណាច់អតីតភាពការងារ​ត្រូវបើកក្នុងមួយឆ្នាំ2ដង ការគណនាពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារត្រូវអនុវត្តដូចជា៖

– ការបើកប្រាក់បំណាច់លើកទី1៖ ត្រូវ​យកចំនួនទឹកប្រាក់បំណាច់អតីតភាពការងារដែលត្រូវទទួលដក 2លានរៀល ហើយចំនួននៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋាន​ប្រាក់បៀវត្ស​ជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់អតីតភាពការងារ​ត្រូវបានបើក។

– ការបើកប្រាក់បំណាច់លើកទី2៖ ត្រូវអនុវត្ត​ដូចការបើកប្រាក់បំណាច់អតីតភាពការងារលើកទី1ដែរ ដោយត្រូវយកចំនួន​ទឹកប្រាក់បំណាច់អតីតភាពការងារ​ដែលត្រូវទទួលលើកទី2 ដក2លានរៀល ហើយចំនួន​នៅសល់ត្រូវ​បូកបញ្ចូល​ទៅក្នុងមូលដ្ឋាន​ប្រាក់បៀវត្ស​ជាប់ពន្ធប្រចាំខែដែលប្រាក់បំណាច់ត្រូវបើក។

ចំពោះការចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ត្រូវ​បានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធដែលមានការទូទាត់លើប្រាក់អតីតភាពការងារ៕

Advertisement