មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី Dmitry Bosov អាយុ​52​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ហាត់​ប្រាណ​​​នៅ​ឯភូមិ​គ្រឹះ​របស់​គាត់​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ូស្គូ សង្ស័យ​ថា​ធ្វើ​អត្ត​ឃាត​។

Dmitry Bosov ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី Katerina ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជាប់​សោ​​កាល​ពី​ព្រឹក​ថ្ងៃទី​​6ឧសភា​កន្លង​ទៅ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ខ្លី Glock​ នៅ​ក្បែរ​សាក​សព​មហាសេដ្ឋី​រូប​នេះ​ ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​មាន​ស្នាម​គ្រាប់​កាំភ្លើង​ជា​ច្រើន​ផងដែរ​។ Bosov មិន​បាន​បន្សល់​ទុក​លិខិត​អ្វី​មួយ​នោះ​ទេ​។

គេហទំព័រ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី RBC បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​ស្និទ្ធ​ជាមួយ​លោក Bosov បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​។ លោក​ Bosov មិន​បាន​ទទួល​ទូរស័ព្ទ​ និង​សារ​​ចាប់​តាំង​ពី​ថ្ងៃទី5​ឧសភា​រហូត​ដល់​ថ្ងៃកើត​ហេតុ​។ Bosov បាន​យក​កាំភ្លើង​តាម​ខ្លួន​ជា​និច្ច​ ចាប់​តាំង​ពី​COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​រុស្ស៊ី ដោយ​សារ​មានការបារម្ភ​​ខ្លាច​មាន​ចោរ​ចូល​ផ្ទះ​ក្នុង​អំឡុង​បម្រាម​គោចរ​។

គណកម្មធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី បាន​ និង​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។

Bosov ជាមហាសេដ្ឋី​លំដាប់​ទី​86​ក្នុង​តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​របស់​រុស្ស៊ី​ដែល​ដាក់​ចំណាត់​ថ្នាក់​​​ដោយ​ ទស្សនាវដ្ដី​ Forbes ដោយលោក​​មាន​ទ្រព្យ​សរុប​1.1​ពាន់​លាន​ដុល្លារ​។ លោក​គឺជា​ភាគហ៊ុនិក​ធំជាងគេ​ និង​ជា​ប្រធាន​​ក្រុម​ហ៊ុន​ Alltech ដែល​មាន​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​រក​ស៊ី​ក្នុង​វិស័យអចលន​ទ្រព្យ​ និង​រ៉ែ​ធ្យូង​ថ្ម។ល។

ប្រភព​ព័ត៌មាន​​ដែល​ជិត​ស្និទ្ធ​នឹង​​មហាសេដ្ឋី​ខាង​លើ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Bosov ថ្មី​ៗ​នេះ​ជួប​បញ្ហា​​ក្នុងការ​រក​ស៊ី​។ “ចាប់​ពី​ដើម​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ និង​ឱ្យ​បុគ្គលិក​សម្រាក​ពី​ការ​ងារ​។ ស្ថាន​ភាព​បាន​ប្រែ​ជា​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ខែ​ឧសភា ហើយ​អ្នក​រាល់​គ្នា​គិត​ថា គាត់​ត្រៀម​លក់​ទ្រព្យ​របស់​គាត់​”។

មហាសេដ្ឋី Bosov ក៏​ថែម​ទាំង​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ចំនួន​2​ករណី​​ផងដែរ ដែល​ទាក់​ទិន​នឹង​បទ​​​បរិហា​កេរ្តិ៍​ និង​រំលោភ​កិច្ច​សន្យា​ក្នុង​ការ​រក​ស៊ី​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement