សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជាតិ​ជា​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញក៏​ដោយ​

សហ​រដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋកិច្ច​លើក​ទី​ពីរ​នោះ​ឡើយ បើ​ទោះ​ COVID-19 ផ្ទុះ​ឆ្លង​ខ្លាំង​ឡើង​វិញ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដា​រដ្ឋ​ ប្រញាប់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើងវិញ​ដើម្បី​កុំ​ឱ្យ​វិស័យ​នេះ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​បន្ថែម​ទៀត​។

យោង​តាម​ស្ថិតិ​នៅ​លើ​គេហទំព័រ​ Worldometers ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​1,600​នាក់ ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​របស់​ប្រទេស​នេះ​ឡើង​ដល់​ជាង​78,500​នាក់​។ តួលេខ​នៃ​អ្នក​ជំងឺកូរ៉ូណា​នេះ​​ក៏​កើន​​ជាង​27,400​នាក់​​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​COVID-19​សរុប​ឡើង​ដល់​ជាង​1.32​លាន​នាក់​។

បើ​ទោះ​ជា​ស្ថិតិ​នៃ​អ្នក​ជំងឺ​ថ្មី និង​អ្នក​ស្លាប់​ថ្មី​ចេះ​តែ​កើន​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ បណ្ដា​រដ្ឋ​នៅ​អាមេរិក​ នៅ​តែ​បន្ត​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ដើម្បី​លើក​ស្ទួយ​ខឿន​សេដ្ឋ​កិច្ច​​ប្រទេស​ជាតិ​​ក្នុង​គ្រា​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការ​ងារ​។ ប្រធានាធិបតី​ Donald Trump នៅ​ដើម​សប្ដាហ៍​នេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ការ​បើក​ដំណើរ​ការ​ម៉ាស៊ីន​សេដ្ឋ​កិច្ច​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​ បើ​ទោះ​ជា​លោក​បាន​ទទួល​ស្គាល់​ថា ការ​បន្ធូរ​បន្ថយ​បម្រាម​គោចរ​នឹង​នាំ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឆ្លង​វីរុស​ និង​ស្លាប់​បន្ថែម​ទៀត​ក៏​ដោយ​។

ឆ្លើយ​តប​នឹង​កិច្ច​សម្ភាស​ជាមួយ​ Bloomberg កាល​ពី​ម្សិល​មិញ ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ (United States National Economic Council) លោក​ Larry Kudlow ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បិទ​ទ្វារ​សេដ្ឋ​កិច្ច​ជា​លើក​ទីពីរ​នោះ​ឡើយ​ សូម្បី​តែ​ក្នុង​កាលៈ​ទេសៈ​ដែល​វីរុស​នេះ​ផ្ទុះ​ឆ្លង​ខ្លាំង​សាជាថ្មី​។

យោង​តាម​តួលេខ​របស់​ក្រសួង​ការ​ងារ​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ ពលរដ្ឋ​អាមេរិកាំង​​ចំនួន​20.5​លាន​នាក់​បាន​បាត់​បង់ការ​ងារ​នៅ​ក្នុង​ខែ​មេសា​ បណ្ដាល​ឱ្យ​អត្រា​បាត់​បង់​ការ​ងារ​នៅ​ប្រទេស​នេះ​ឡើង​​ដល់​​14.7​% ខណៈ​ដែល​​ក្នុង​ខែ​មីនា​មាន​ត្រឹម​តែ​​4.4%​។ នេះ​គឺជា​អត្រា​បាត់​បង់​ការ​ងារ​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ រាប់​ចាប់​ពី​សម័យ​មហា​វិបត្តិ​សេដ្ឋ​កិច្ច​​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។ COVID-19 បាន​កម្ទេច​​លទ្ធ​ផល​នៃ​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ក្នុង​អំឡុង​1​​ទសវត្សរ៍​កន្លង​មក​នេះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement