ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ 1300លានដុល្លារអាមេរិក ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ2021-2023

ធនាគារអភិវឌ្ឍន៍អាស៊ី ឬADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ប្រមាណ 1.3ប៊ីលាន​ដុល្លារអាមេរិក តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ2021-2023 ដែលនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណា​ឱ្យការអនុវត្តយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ2019-2023 របស់ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជាដែរ។

បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋា ភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ2021-2023 របស់ ADB មានទឹកប្រាក់ ចំនួនប្រមាណ 1.5ប៊ីលានដុល្លារអាមេរិក។

រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោ​កស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា​ កាលពីថ្ងៃទី8 ខែឧសភា ឆ្នាំ2020 នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ Country Operation Business Plan-COBP 2021-2023  តាមរយៈ Video Conference ដើម្បី​ធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់​ស៊ីជ​ម្រៅ​​អំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុង​វិស័យ​អាទិភាព​​សំខាន់ៗ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រ​ចាំ​​ការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសា សន៍ថា៖«រាជ​រដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 ដើ​ម្បី​​ទប់ស្កាត់ការឆ្លង ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែង ចំនួននៃការឆ្លង មា​នត្រឹមតែ 122 ករណីប៉ុណ្ណោះ​ ដែលភាគច្រើននៃការឆ្លងជំងឺនេះ គឺការនាំចូល ឬមានប្រ​ភ​ពមកពី​ខាង ក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក»។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់លើការជួយអន្តរាគមន៍ ដើម្បីការ រក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នក បាត់បង់ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម​ ការបន្តអនុវត្ត គម្រោងសាច់ប្រា​ក់​​ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ នៅ​ពេលដែលរោងចក្រព្យួរអាជីវកម្ម។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង រៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវឌ្ឍន៍ និងគោល ការណ៍សំខាន់ៗចំនួន 4 គឺ៖ 1-និន្នាការសកល បន្ទាប់ពីវិបត្តិវីរុសកូវីដ-19។  2-ការកំណត់ និងជ្រើស រើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់។ 3-ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង 4-ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាបណ្ណក្នុង ស្រុក នាពេលខាងមុ​ខ​។

ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-19 (COVID-19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន 250លាន ដុល្លារអាមេរិក ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាម សំណើបន្ទាន់របស់កម្ពុជាផងដែរ។

បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាព នៃធនាគារ​ឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញការអភិវឌ្ឍ កសិ-ធុរកិច្ច ប្រកបដោយ​ការ​ប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់​សរុប​ចំនួន​​ប្រមាណ 111លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយបញ្ហាប្រឈមជាគន្លឹះរបស់​ SME។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការ ជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្ប ទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្នុងបរិការណ៍វីរុសកូវីដ-19 នេះ​។​

គិតចាប់ពីឆ្នាំ1992 រហូតដល់បច្ចុប្បន្ន  ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រ​ទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍នានា មានទឹកប្រាក់សរុប​ចំនួន​ប្រមាណ 3485 លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានចំនួនប្រមាណ 2983លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ 502លានដុល្លារអាមេរិក៕

Advertisement