5ខែដើមឆ្នាំនេះ ភ្ញៀវទស្សនាតំបន់អង្គរធ្លាក់ចុះជាង 60% ធ្វើឱ្យកម្ពុជាទទួលបានចំណូលត្រឹមជាង 18លានដុល្លារ

គ្រឹះស្ថានអង្គរបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ក្នុងរយៈពេល 5ខែដើមឆ្នាំ 2020 នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរធ្លាក់ចុះយ៉ាងកំហុក​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គ្រឹះស្ថានខាងលើបានបញ្ជាក់ថា ភ្ញៀវបរទេសដែលបានទិញសំបុត្រ​ចូលទស្សនារមនីយដ្ឋានអង្គរមានចំនួន 386,093នាក់ ធ្លាក់ចុះ 65.46% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2019 ដោយក្នុងនោះយើងទទួលបានចំណូលសរុបប្រម៉ាណ 18,021,336ដុល្លារ ធ្លាក់ចុះ 64.18%។ ចំពោះការចាត់ចែងថវិកាវិញ ក្នុងចំណោមចំណួលជាង 18លានដុល្លារអាមេរិកនេះ គ្រឹះស្ថានអង្គរបានចំណាយសម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន 77ម៉ឺនដុល្លារ។

ជាដំណោះស្រាយដើម្បីបន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយ​សម្រាប់សំបុត្ររយៈពេល1ថ្ងៃអាចចូលទស្សនាបាន 2ថ្ងៃ ហើយសំបុត្រសម្រាប់រយៈពេល3ថ្ងៃអាចទស្សនាបានរយៈពេល5ថ្ងៃ។ បន្ថែមពីលើនេះសម្រាប់សំបុត្ររយៈពេល7ថ្ងៃ ភ្ញៀវទេសចរអាច​ទស្សនាបានរយៈពេល10ថ្ងៃ៕

Advertisement