ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

ក្ដី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​ បាន​ងើប​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តួលេខ​ការ​ងារ​បាន​ប្រសើរ​ឡើង​មិន​ធ្លាប់​មាន​​ពី​មុន​មក

តួលេខ​​ស្ដី​អំពី​ “ចំនួន​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើត​ឡើង​​ក្នុង​ខែ​ឧសភា”​ មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដែល​នេះ​​ជា​លើក​ទី2ហើយ​​ដែល​ចំនួន​មុខ​តំណែង​ការ​ងារ​បាន​កើន​ឡើង​ច្រើន​ជា​ប្រវត្តិ​សាស្ត្រ​។

ក្រសួង​ការ​ងារ​​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ម្សិល​មិញ​ (5មិថុនា) បាន​ប្រកាស​ថា​ ខឿន​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ​បាន​បង្កើត​ការ​ងារ​ចំនួន​2.5​លាន​កន្លែង​នៅក្នុង​ខែ​ឧសភា​​កន្លង​ទៅ​។ អត្រា​នៃ​ការ​បាត់​បង់​ការ​ងារ​ក៏បាន​ថយ​ចុះ​មក​នៅ​ត្រឹម​13.3​%​។ ទិន្ន​ន័យ​ដែល​បាន​ឃ្លាត​យ៉ាង​ឆ្ងាយ​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋ​វិទូ​​នេះ​ បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​កំពុង​បោះជំហាន​ទៅ​ជិត​ដល់​ដំណាក់​កាល​សេដ្ឋកិច្ច​មានកំណើន​ល្អ​ប្រសើរ​ឡើង​វិញ​។

មុន​នោះ ក្រុម​អ្នក​វិភាគ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ Dow Jones យល់​ថា ចំនួន​ការ​ងារ​ដែល​នឹង​ត្រូវ​បាត់​ក្នុង​ខែ​ឧសភា​នឹង​មាន​ប្រមាណ​ជា​ 8.33​លាន​កន្លែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​នឹង​កើត​ដល់​19.5​%។ បើសិន​ជា​តួលេខ​នេះ​បាន​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​ក្លាយ​ជា​ខែ​មួយដ៏​​អាក្រក់​បំផុត​រាប់​ចាប់​ពី​មហា​វិបត្តិសេដ្ឋ​កិច្ច​ក្នុង​ទសវត្សរ៍​​ឆ្នាំ​1930​។

ប៉ុន្តែ ជាក់​ស្ដែង​ ចំនួន​ការ​ងារ​ដែល​ត្រូ​វ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ឧសភា​ មាន​កំណើន​​ខ្ពស់​បំផុត​ គិត​ចាប់​ពី​ឆ្នាំ​1939​។ សហរដ្ឋ​អាមេរិក​​ធ្លាប់​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ការ​ងារ​ដល់​ទៅ​រាប់​លាន​​ជា​លើក​ចុង​ក្រោយ​បង្អស់​ គឺ​នៅក្នុង​ខែកញ្ញា​ ឆ្នាំ​1983​។

លោក​ Trump បង្ហាញ​ហត្ថលេខា​របស់​លោក​នៅលើ​ ច្បាប់​សម្រាប់​កម្មវិធី​ការ​ពារ​ប្រាក់​ខែ​ឆ្នាំ​2020​ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​ស្ដី​អំពី​សេដ្ឋ​កិច្ច​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សេត​វិមាន​កាល​ពីថ្ងៃទី​5​មិថុនា​កន្លង​ទៅ​។ (រូប​ថត​៖ MANDEL NGAN / AFP)

ទាក់​ទិន​នឹង​ការ​ព្យាករ​ខុស​អំពី​ការ​បាត់​បង់​ការ​ងារ​ CNN បាន​បក​ស្រាយ​ថា នេះ​គឺជា​វិបត្តិ​ដែលមិន​ធ្លាប់​មាន​ពីមុន​មក ធ្វើ​ឱ្យ​ក្រុម​សេដ្ឋ​វិទូ​ពិបាក​ក្នុង​ការ​ព្យាករ​ឱ្យ​បាន​ត្រឹម​ត្រូវ​​​ទៅ​តាម​ការ​ប្រែ​ប្រួល​ជាក់​ស្ដែង​។ ហើយ​បើ​ទោះ​ជា​តួលេខ​ក្នុង​ខែ​ឧសភា​គួរ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ក៏ដោយ​ ក៏​នៅ​មាន​កត្តា​មិន​ប្រាកដ​​ប្រជា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ការ​ព្យាករ​បន្ត​ជួប​ការ​លំបាក​។

ផ្សារ​ហ៊ុន​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ខ្លាំង​ ក្រោយ​ពី​មាន​របាយ​ការណ៍​ស្ដីអំពី​ការ​ងារ​ខាង​លើ​។ អត្រា​ប្រាក់​ចំណេញ​ពី​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ក៏​កើនឡើង​ខ្ពស់​ផងដែរ​។ ប្រាក់​ចំណេញ​សម្រាប់​មូលបត្រ​ប្រភេទ​10​ឆ្នាំ បាន​កើន​ 0.91​%​ កាល​ពី​ម្សិល​មិញ​ (5មិថុនា)។

ប្រធានាធិបតី​ Donald Trump ពេញ​ចិត្ត​នឹង​ដំណឹង​ខាង​លើ​នេះ​ណាស់​។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter ថា “នេះ​គឺជា​តួលេខ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ទី​​បផុត​។ ពិត​ជា​គួរ​ឱ្យ​សប្បាយ​ចិត្ត​។ ផ្សារ​ហ៊ុន​​ពិត​ជា​ល្អ​ប្រសើរ​​”។

“វា​ហាក់​ដូច​ជា​ការ​ខួច​ខាត​​ពី​បម្រាម​គោចរ​ទូទាំង​ប្រទេស​​​ មិន​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ និង​មិន​អូស​បន្លាយ​យូរ​ដូច​យើង​រាល់​គ្នា​បានព្រួយបារម្ភ​កាល​ពី​មួយ​ខែ​មុន​” នេះ​បើ​តាម​ការ​អះអាង​របស់​ Scott Clemons អ្នក​យុទ្ធ​សាស្ត្រ​ផ្នែក​វិនិយោគ​​មក​ពី​​ Brown Brothers Harriman ដែល​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​។

Brown Brothers Harriman ​ជា​ធនា​គារ​ឯក​ជន​ធំជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​

ចំណែក​ Tony Bedikian នាយក​ទីផ្សារ​សកល​នៃ​ធនាគារ​ Citizens Bank បាន​ឱ្យ​ដឹង​ថា​ “នៅ​ពេល​ទប់​ស្កាត់​ការ​ផ្ទុះ​ឆ្លង​ជា​លើក​ទី2​របស់​ COVID-19 សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​ដល់​ពេល​ត្រូវ​ប្រែ​ប្រួល​ហើយ​។ ជា​ភ័ស្តុ​តាង​នោះ​គឺ​តួលេខ​នៃ​កំណើន​ការ​ងារ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​ទោះ​ជា​យើង​នៅ​តែ​ត្រូវ​រង់​ចាំ​មើល​ដំណាក់​កាល​ធម្មតា​”។

​វិស័យ​កម្សាន្ត​ និង​ភោជនីយដ្ឋាន​ សណ្ឋាគារ​ បាន​រួម​ចំណែក​ជិត​ពាក់​កណ្ដាល​នៃ​កំណើន​ការ​ងារ​ក្នុងខែ​ឧសភា​នៅ​សហរដ្ឋ​អាមេរិក​។ បុគ្គ​លិក​ចំនួន​ 1.2​លាន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រលប់​ចូល​ធ្វើ​ការ​វិញ​។ ការ​ងារ​នៅ​ក្នុង​បណ្ដា​ហាង​បារ និង​ភោជ​នីយដ្ឋាន​បាន​កើន​ឡើង​ខ្ពស់​​ បន្ទាប់​ពី​រដ្ឋ​នានា​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រក្សា​គម្លាត​សង្គម។

វិស័យ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​លំដាប់​ទី​2​ គឺ​សំណង់​ ដោយ​បង្កើត​ការ​ងារ​ចំនួន​ 464,000​មុខ​តំណែង​​បន្ថែម​ទៀត​។ ចំណែក​វិស័យ​អប់រំ និង​សុខាភិបាល​ បាន​បង្កើត​ការ​ងារ​បន្ថែម​ចំនួន​ 424,000​មុខ​តំណែង​ផងដែរ​​ ខណៈ​ការ​ងារ​នៅ​ក្នុង​វិស័យ​លក់​រាយ​ក៏​កើន​ 368,000​មុខ​តំណែង​។

“ក្រុម​ហ៊ុន​នានា​កំពុង​ចាប់​ផ្ដើម​ជ្រើស​រើស​បុគ្គលិក​ឱ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ​ ជាមួយ​នឹង​ចំនួន​ច្រើន​ជាង​ការ​ព្យាករកន្លង​មក​​។ និន្នាការ​នេះ​នឹង​បន្ត​នៅ​ពេល​បម្រាម​គោចរ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ទូទាំង​ប្រទេស​។ បើ​និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​​ គឺ​ថា​ អ្វី​ៗ​ទាំង​អស់​នៅ​តែ​ឃ្លាត​ឆ្ងាយ​ពី​ស្ថាន​ភាព​ធម្មតា​។ ប៉ុន្តែ បើ​សិន​ជា​អាច​រក្សា​បាន​​ល្បឿន​នៃ​ការ​កែ​លម្អ​នេះ​ នោះ​ក្ដី​សង្ឃឹម​នៅ​ក្នុង​ដំណាក់​កាល​​ពាក់​កណ្ដាល​ចុង​ឆ្នាំ​នេះ​នឹង​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជាង​បច្ចុប្បន្ន​”៕

ប្រភព​៖ CNBC

Advertisement