ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង 41លានដុល្លារ ដល់កម្ពុជា

ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​ទស្សនៈ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ជំនួយឥតសំណង ODA ក្នុង​ទឹកប្រាក់​ចំនួន 4,501លាន​យ៉េន ដែល​ស្មើ​ប្រមាណ​ជា 41លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង3 ដល់​ប្រទេស​កម្ពុជា។

លិខិត​ប្តូរ​សារ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ចំនួន3 ខាងលើនេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី5 ខែមិថុនា ឆ្នាំ2020 នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

គម្រោង​ទាំង 3នេះ ផ្តោតទៅលើ ទី1 គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា 2,153លាន​យ៉េន។ ទី2 គម្រោង​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 348លាន​យ៉េន និង​ទី3 គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 2,000 លាន​យ៉េន។

គម្រោង​នេះ​នឹងធ្វើ​ការកែលម្អ​អគារ និង​សម្ភារ​បរិក្ខារ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង មន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន4 នៅក្នុង​ខេត្ត ក្នុង​គោលដៅ​បង្កើន​ចំនួន​វះកាត់​ប្រចាំឆ្នាំ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ពី​ចំនួន 3,306 ក្នុង​ឆ្នាំ2018 ដល់ 4,732 ក្នុង​ឆ្នាំ2026 ជា​ឆ្នាំ​ដែល​គម្រោង​នឹងត្រូវ​បានបញ្ចប់​រយៈពេល 3ឆ្នាំ។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​សេវា​សុខាភិបាល និង​សុខ​ភាពជា​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប។

សូមបញ្ជាក់ថា មន្ទីរពេទ្យ​ខេត្តសៀមរាប ជា​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ដែល​ទទួល​អ្នកជំងឺ​ជាច្រើន ជាពិសេស​អ្នក​ជម្ងឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មកពី​ខេត្តសៀមរាប​ផ្ទាល់ និង​បណ្តា​ខេត្ត​ជុំវិញ​នានា។

លើសពីនេះ ដោយសារ​កង្វះខាត​ឧបករណ៍​បរិក្ខារ និង​ធនធានមនុស្ស​នៅតាម​មណ្ឌល​សុខភាព​ក្នុង​តំបន់​ក្នុង​ខេត្តសៀមរាប បណ្តាលឱ្យ​អ្នកជំងឺ​ដែល​គួរតែ​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព​ទាំងនោះ ត្រូវ​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដែលជា​លទ្ធផល​ធ្វើឱ្យមាន​ចំនួន​អ្នកជំងឺ​ច្រើន​លើសលប់ ហើយ​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​សំណង់​អគារ ដែល​បាន​សាងសង់​ក្នុង​ទសវត្សរ៍​ឆ្នាំ1970 និង​កង្វះខាត​ឧបករណ៍​បរិក្ខារ ធ្វើឱ្យ​មន្ទីរពេទ្យ​មិនអាច​ផ្តល់​សេវា​វេជ្ជសាស្ត្រ​បាន​គ្រប់គ្រាន់។

នៅ​ប្រទេស​កម្ពុជា ធនធានមនុស្ស​ដែលមាន​ទេពកោសល្យ​ជាច្រើន ត្រូវបាន​បាត់បង់​ដោយសារ​សង្គ្រាមស៊ីវិល ដែល​បាន​បន្ត​អស់​រយៈពេល​ប្រមាណ​ជាង 20ឆ្នាំ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ1970 និង​ដោយសារតែ​កង្វះខាត​នៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​គុណភាព ខ្ពស់ គឺជា​បញ្ហា​បន្ទាន់ និង​សំខាន់​ដែល​ត្រូវ​ដោះស្រាយ។

ដូច្នេះហើយ ទើប​ប្រទេស​ជប៉ុន បាននិងកំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​របស់ខ្លួន​បន្ថែម​ទៀត ហើយ​ជា​ផ្នែក​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ជប៉ុន​បាននិងកំពុង​ជួយ​បណ្តុះបណ្តាល​មន្ត្រី​វ័យក្មេង​របស់​ប្រទេស​កម្ពុជា ឱ្យ​ទទួលបាន​សញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ពី​គ្រឹះស្ថាន​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​ប្រទេស​ជប៉ុន។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ មន្ត្រី​វ័យក្មេង​កម្ពុជា​ចំនួន 26នាក់ នឹង​អាច​ទៅ​សិក្សា​នៅ សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ជប៉ុន។ យើង​រំពឹងថា ធនធានមនុស្ស​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ នឹងចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​អនាគត​លើ​វិស័យនីមួយៗ ហើយក៏​ជាការ​យោគយល់​គ្នា​ទៅវិញទៅមក និង​ការកសាង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ផងដែរ។

នៅក្នុង​ពិភព​សកលភាវូបនីយកម្ម​នាពេល​បច្ចុប្បន្ននេះ ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ-19 គឺជា​ការគំរាមកំហែង​ដ៏​ធំធេង​ដល់​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ។ សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវតែ​ធ្វើការ​រួមគ្នា​ប្រឆាំងនឹង​វីរុស​កូ​វីដ-19។ ខណៈពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​គ្រប់គ្រង​ស្ថានការណ៍​លំបាក​នៅក្នុង​ប្រទេស ដែល​វីរុស​កូ​វីដ-19 អាចមាន​លទ្ធភាព​ចាប់ផ្តើម​រីក​រាលដាល​ជាថ្មី​ម្តងទៀត​ក្នុងប្រទេស និង​តំបន់​ដោយសារតែ​ប្រព័ន្ធ​សុខាភិបាល​នៅមានកម្រិត។ ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នេះ ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ទប់ទល់​នឹង​ជំងឺឆ្លង​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់៕

Advertisement