តម្លៃទុន​​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមារិក​ចំនួន​4 កើន​លើស​​1លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នា​

តម្លៃទុន​​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អាមារិក​ចំនួន​4 កើន​លើស​​1លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នា​

ជា​លើក​ដំបូង​ហើយ​រាប់ចាប់​ពី​ COVID-19 បាន​បង្ហាញ​ខ្លួន​ តម្លៃ​ទុន​របស់​ក្រុមហ៊ុន​ Apple, Microsoft, Amazon និង​ Alphabet បាន​កើន​លើស​ពី​1​លាន​លាន​ដុល្លារ​អាមេរិក​។

Alphabet ដែលជា​ក្រុម​ហ៊ុន​មេ​របស់​ Google គឺជា​ឈ្មោះ​ថ្មី​​ដែលទើប​តែ​​បានក្លាយជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ទុន​លាន​លាន​ដុល្លារ​សាជា​ថ្មី​ម្ដង​ទៀត​ នៅ​ពេល​បិទ​ការ​ជួញ​ដូរ​មូលបត្រ​កាលពី​ថ្ងៃទី​6​កក្កដា ជាមួយ​នឹង​​ទុន​សរុប​ឡើង​ដល់​ 1.02​លាន​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ Apple ត្រូវ​បាន​កំណត់​តម្លៃ​ 1.64​លាន​លាន​ដុល្លារ​ ខណៈ​ Microsoft មាន​តម្លៃ​ទុន​សរុប​ 1.61​លាន​លាន​ដុល្លារ​ និង​ Amazon បញ្ចប់​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃ​ដដែល​ជាមួយ​នឹង​តម្លៃ​ទុន​ 1.52​លានលាន​ដុល្លារ​​អាមេរិក​។

មូលបត្រ​ Amazon កាល​ពី​ម្សិល​មិញ​ (6កក្កដា​) ក៏​បាន​បង្កើត​កំណត់​ត្រា​ថ្មី​​នៅ​ពេល​ដែល​តម្លៃ​មូលបត្រ​នេះ​បាន​កើន​ដល់​3,000​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ មូលបត្រ​ Amazon ក៏​ជា​កម្លាំង​រុញ​ច្រាន​ដ៏​ខ្លាំង​ក្លា​សម្រាប់​សន្ទស្សន៍​​ S&P 500 និង​ Nasdaq កាលពី​ម្សិល​មិញ​។

នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំនួន​4​របស់សហរដ្ឋ​អាមេរិក​ ​មាន​តម្លៃ​ទុន​ឡើង​ដល់​លាន​លាន​ដុល្លារ​ព្រម​ៗ​គ្នាបែប​នេះ​​រាប់​ចាប់​ពី​ចុង​ខែ​មករា​2020 មុន​ពេល​ដែល​ COVID-19 វាយ​លុក​ពិភពលោក​។ ប្រការ​នេះ​បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​របស់​វិស័យ​បច្ចេក​វិទ្យា​នៅក្នុង​ស្ថាន​ភាព​មាន​​​អាសន្នរោគ​​ វិបត្តិ​សេដ្ឋ​កិច្ច​ និង​វិបត្តិ​គ្មាន​ការ​ងារ​ធ្វើ​ ដែល​រាល​ដាល​នៅ​ពាស​ពេញ​ពិភពលោក​។

តម្លៃ​មូលបត្រ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ បាន​អូស​ទាញ​​កំណើន​សេដ្ឋ​កិច្ច​​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​​ទីផ្សារនាបច្ចុប្បន្ន​​ ក្រោយ​ពី​បាន​ធ្លាក់​ដល់​បាត​កាលពី​ខែ​មីនា​កន្លង​ទៅ​។ ក្រុម​អ្នក​វិនិយោគ​កំពុង​តែ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ទៅ​លើ​កំណើន​នៃ​ចំណូល​ និង​ចំណេញ​ដែល​មាន​កម្រិត​ខ្ពស់​របស់​វិស័យ​បច្ចេក​វិទ្យា​នេះ បើ​ទោះ​ជា​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​​នៅ​តែ​ដំណើរ​ការ​យ៉ាង​​ត្រដាប​​ត្រដួស​​ដោយ​សារ​COVID-19។

ចំណែក​តម្លៃ​មូលបត្រ​របស់បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា ក្រុម​ហ៊ុន​ Netflix, Tesla, Square, PayPal, Nvidia និង Adobe ជា​ដើម ក៏​សុទ្ធ​តែ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​កាល​ពី​ម្សិល​មិញ​។ ប្រភេទ​មូល​បត្រ​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​បម្រាម​គោចរ​ ដូច​ជា Zoom Video, Peloton, Lowe’s, Clorox និង Teladoc ក៏​បានឡើង​ថ្លៃ​កាល​ពី​ថ្ងៃ​ទី​6​កក្កដា​ផងដែរ​។

ជា​រួម​ ផ្សារ​មូលបត្រ​នៅសហរដ្ឋ​អាមេរិក​​កាល​ពី​ម្សិល​មិញ​ បាន​កើន​តម្លៃ​ខ្ពស់គួរ​ឱ្យ​ត្រេក​អរ​​។ សន្ទស្សន៍​ DJIA កើន​ 1.78​% ខណៈ​ S&P 500 និង Nasdaq Composite​ កើន​ 1.6​% និង​ 2.2​%។ Nasdaq បង្កើត​កំណត់​ត្រា​ថ្មី​ជាមួយ​នឹង​ 10,433​ពិន្ទុ​ រី​​ឯ​ S&P 50 បាន​កើន​ជាង​ 40​% រាប់​ចាប់​ពី​ខែ​មីនា​2020៕

ប្រភព៖ CNN, CNBC

Advertisement