ស្ថានភាពនៃការនាំចេញរបស់កម្ពុជានៅមានស្ថានភាពនឹងនរនៅឡើយក្នុងឆមាសទី1នេះ

ស្ថិតក្នុង​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​កំណើន​អវិជ្ជមាន​សម្រាប់​ឆ្នាំ 2020 នេះ ក្នុងនោះ​កម្ពុជា​ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងមាន​កំណើន​អវិជ្ជមាន​ផងដែរ។

ទោះជា​យ៉ាងនេះ​ក្តី​បើ​មើល​លើ​ស្ថានភាព​នៃ​ការនាំចេញ​របស់​កម្ពុជា​ជាក់ស្តែង ក្នុង​រយៈពេល 5ខែ​ដើមឆ្នាំ 2020 នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា​ការនាំចេញ​របស់​កម្ពុជា​នៅមាន​ស្ថានភាព​វិជ្ជមាន​នៅឡើយ។ ក្នុងនោះ​វិស័យ​កាត់ដេរ​កម្ពុជា​មានការ​ធ្លាក់ចុះ​ខ្លាំង ដោយហេតុថា ទីផ្សារ​អឺរ៉ុប និង​អាមេរិក​មួយចំនួន​បាន​ផ្អាក​ការទិញ​សិន តែបើ​យើង​មើលទៅ​ទំនិញ​ផ្សេងទៀត គឺ​មិនទាន់​ធ្លាក់​នោះទេ។ ផ្ទុយទៅវិញ ទំនិញ​មួយចំនួន​ដែល​មិនមែន​កាត់ដេរ​ដូចជា​កសិកម្ម កង់ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម មានការ​កើនឡើង​ទៅវិញ។

ឯកឧត្តម​ថា ក្នុង​រយៈពេល 5ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​របស់​កម្ពុ​ជា​មិនទាន់​អវិជ្ជមាន​នោះទេ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន គឺ​យើង​នៅ​មើលឃើញ​ពី​កំណើន​នៅឡើយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិប្រមាណ​ជាង 1,000លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយនឹង​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19នេះ៕

Advertisement