ចិន ជាទីផ្សារថ្មី និងល្អមួយសម្រាប់អង្ករកម្ពុជា

កម្ពុជា ជា​ប្រទេស​ដែល​ផលិត និង​នាំចេញ​អង្ករ​យ៉ាងសំខាន់​មួយ​សម្រាប់​ទីផ្សារ​នានា​ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ ហេតុនេះហើយ ទើប​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​តែងតែ​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​បន្ថែម​សម្រាប់​វិស័យនេះ ឱ្យ​កាន់តែ​ទូលំទូលាយ និង​បង្កើន​ចំនួន​នាំចេញ។

លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា ចិន​ជា​ប្រទេស​ដែល​ទទួល​ទិញ​អង្ករ​ច្រើន​ពី​កម្ពុជា ដែល​វិស័យ​ស្រូវ​អង្ករ​នៅតែមាន​សក្តានុពល​ខ្លាំង​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​នេះ។ ទោះជា​យ៉ាងនេះ​ក្តី ទីផ្សារ​អង្ករ​នៅ​ប្រទេស​ចិន​បច្ចុប្បន្ន គឺ​កំពុង​វាយលុក និង​កាន់កាប់​ដោយ​ទីផ្សារ​អង្ករ​មកពី​វៀតណាម និង​ថៃ។ ហេតុនេះ​ដើម្បី​ពង្រឹង​សក្តានុពល​បន្ថែម​សម្រាប់​អង្ករ​កម្ពុជា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ជំរុញ​ការផ្សព្វផ្សាយ​ពី​ផលិតផល​អង្ករ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​ចិន។

សហគ្រិន​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា អ្នករកស៊ី​ផ្នែក​អង្ករ​នៅ​កម្ពុជា ក៏​គួរតែ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ចិន​ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​បន្ត​ផ្សព្វផ្សាយ​បន្ថែម​ពី​សក្តានុពល​របស់​អង្ករ​កម្ពុជា​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​របស់គាត់។

បច្ចុប្បន្ននេះ បើ​មើ​លពី​កម្រិត​នៃ​ការនាំ​ចូលទៅក្នុង​ប្រទេស​ចិន អង្ករ​កម្ពុជា​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​អង្ករ​ថៃ និង​វៀតណាម ព្រោះ​ប្រទេស​គេ​បាន​នាំចូល​មុន​កម្ពុជា តែ​អ្វី​ដែលជា​លក្ខណៈសម្បត្តិ​ល្អ​របស់​អង្ករ​កម្ពុជា គឺ​យើង​មានតម្លៃ និង​គុណភាព​អាច​ប្រកួតប្រជែង​បាន។ ហ​តុ​នេះ​ដើម្បី​ជំរុញ​ផ្នែក​នេះ​ឱ្យ​កាន់តែ​ប្រសើរ អ្នក​ផលិត​នៅ​កម្ពុជា​ចាំបាច់​ខិតខំ​បន្ថែម​ក្នុងការ​ពង្រឹង​ទាំង​បរិមាណ និង​គុណភាព​បន្ថែមទៀត៕

Advertisement