ឆ្នាំ2019 កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារ

ក្នុងចំណោម​ទីផ្សារ​នាំចេញសំខាន់ៗរបស់​កម្ពុជា​ទៅកាន់​តំបន់​នានា​លើ​ពិភពលោក អាមេរិក ជាទី​ផ្សារ​ធំ​មួយ​ដែល​ទទួល​ទិញ​ផលិតផល​របស់​កម្ពុជា ដែល​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​បោះទុន​វិនិយោគ​សម្រាប់ធ្វើ​ការផលិត និង​នាំចេញ​ផងដែរ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​មួយ​ក្នុងចំណោម​ទីផ្សារសំខាន់ៗរបស់​កម្ពុជា។ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​ផលិតផល​ចេញទៅ​អាមេរិក​ក្នុងតម្លៃ​ប្រមាណ 5.36ពាន់​លាន​ដុល្លារ​អាមេរិក។ លោ​កថា​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុងមាន​កំណើន​ជា​វិជ្ជមាន ដោយ​ក្នុងនោះ​ផលិតផល និង​អ្នកវិនិយោគថ្មីៗរបស់​អាមេរិក​បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​ក៏បាន​កើនឡើង​ផងដែរ​ជា​រៀងរាល់ឆ្នាំ។

លោក Patrick Murphy បាន​និយាយថា៖ «ក្រុមហ៊ុន​អាមេរិក កំពុង​នាំមក​នូវ​ការវិនិយោគ​ប្រកបដោយ​តម្លាភាព និង​គុណភាព​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ទាំងអស់នោះ​ក៏បាន​បង្កើត​កម្មវិធី​ប​ណ្តុះ​បណ្តាល​ស្តង់ដា​ការងារ និង​បង្កើត​បរិយាកាស​បរិស្ថាន​ខ្ពស់ ដើម្បី​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ផងដែរ»។

លោក Patrick Murphy បាន​បន្ថែមទៀតថា សហរដ្ឋអាមេរិក​ផ្តល់ឱ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ដែលជា​ការធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង5,000មុខ៕

Advertisement