កម្ពុជាកំពុងរៀបចំឯកសារនាំចេញសាច់គោទៅកាន់ទីផ្សារចិន

ចិន ជាទីផ្សារកសិផលយ៉ាងសំខាន់មួយរបស់កម្ពុជា ព្រោះប្រទេសនេះបានអនុញ្ញាតឱ្យកម្ពុជា​នាំផលិតផលកសិកម្មជាច្រើនប្រភេទ​ទៅកាន់ទីផ្សាររបស់ខ្លួន​ដើម្បី​បំពេញតម្រូវការនៅក្នុងស្រុក។

ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ថា​កម្ពុជា​កំពុងមមាញឹករៀបចំឯកសារ​ដើម្បីសុំការនាំចេញ​សាច់គៅទៅកាន់ទីផ្សារចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា យើងកំពុងរៀបចំស្នើសុំ​នាំចេញសាច់គោទៅកាន់ប្រទេសចិន។ ការរៀបចំនេះធ្វើឡើងដោយសារតែយើងមើលឃើញពីបញ្ហាប្រឈម​រវាងប្រទេសចិន និងប្រទេសអូស្ត្រាលីដែលជាប្រទេសនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ហេតុនេះ យើងនឹងបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅចិន ដែលរហូតមកដល់ពេលនេះយើងកំពុងមមាញឹក​ដើម្បីរៀបចំបែបបទ​ដើម្បីសុំការនាំចូល។

ជាដំណាក់កាលដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានធ្វើលិខិតផ្លូវការមួយ ដើម្បីបញ្ជាក់ទៅកាន់ភាគីចិនថា យើងមានលទ្ធភាពក្នុងការនាំចេញសាច់គោ​ទៅកាន់ប្រទេសចិន។ ស្របពេលជាមួយគ្នានោះ ចិនក៏មានសំណួរជាច្រើនមកកាន់កម្ពុជាដែលយើងត្រូវធ្វើការឆ្លើយតប។

ឯកឧត្តមបានបន្ថែមផងដែរថា ភាគីចិន​នឹងមកត្រួតពិនិត្យ​នូវអ្វីដែលកម្ពុជាបននាំចេញដើម្បីធានាថា​ហេដ្ឋារចនាសម្ព័ន្ធនៃការផលិត និងចិញ្ចឹម​ល្អ ត្រូវតាមស្តង់ដាដែលគេចង់បាន។ ប្រសិនបើគេរកឃើញថា​យើងធ្វើបានល្អ​នោះគេនឹងអនុញ្ញាត៕

Advertisement