GDP របស់ចិនកើន 2.3% ក្នុងឆ្នាំ 2020 ជាមួយនឹងការងើបឡើងពីវិបត្តិ Covid-19

GDP របស់ចិនកើន 2.3% ក្នុងឆ្នាំ 2020 ជាមួយនឹងការងើបឡើងពីវិបត្តិ Covid-19

នា​ថ្ងៃទី 18 មករា ឆ្នាំ 2021 នេះ នាយកដ្ឋាន​ស្ថិតិ​ជាតិ (NBS) របស់​ប្រទេស​ចិន បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ឆ្នាំ 2020 របស់​ប្រទេស​នេះ ទទួលបាន​ចំនួន 101,598,000,000,000 ឬ 101.598 លាន​លាន​យន់ (ប្រហែល 15,666,000,000,000 ឬ 15.666 លាន​លាន​ដុល្លារ​អាមេរិក) ជាមួយនឹង​អត្រាកំណើន 2.3%។

នេះ​គឺជា​កំណើន​ទាប​បំផុត​របស់​ប្រទេស​ចិន រាប់​ពី​ពេល​ប្រទេស​នេះ​បានចាប់ផ្ដើម​ធ្វើកំណែទម្រង់​បើកទ្វារ​ស​ដ្ឋ​កិច្ច​ជាតិ​កាលពី​ឆ្នាំ 1978 ប៉ុន្តែ ខឿនសេដ្ឋកិច្ច​ដែល​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខឿនសេដ្ឋកិច្ច​តែមួយ​គាត់​ដែលមាន​កំណើន​បូក នៅក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស Covid-19។ កំណើន​ខាងលើ​របស់​ចិន ក៏​ជា​អត្រា​ខ្ពស់ជាង​បើ​ធៀប​នឹង 2% ដែល​ជាការ​ព្យាករ​របស់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP។

ការទទួលបាន​លទ្ធផល​ខាងលើ​គឺ​អាស្រ័យទៅលើ​កំណើន GDP កាលពី​ត្រីមាស​ទី​បួន ឆ្នាំ 2020 ដែល​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស ពោលគឺ​កើន 6.5% បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2019។ ទន្ទឹមនឹងនេះ ទិន្ន​ផល​​ឧស្សាហកម្ម (ជាស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​ចិន) ក្នុង​ឆ្នាំ 2020 ក៏បាន​កើន 2.8% បើ​ធៀប​នឹង​​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2019៕

ប្រភព៖ SCMP

Advertisement