កម្ពុជា​ថា វិស័យ​ចំនួន 3 ក្នុងចំណោម 4 ដែលមាន​ឥទ្ធិពល​ខ្លាំងជាងគេ​ដល់​សេដ្ឋកិច្ចកម្ពុជា បាន​​ធ្លាក់​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​​ឆ្នាំ 2020

ទាក់ទង​នឹង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ 2020 កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន ឱ្យដឹងថា ក្នុងចំណោម​វិស័យ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព Covid-19 គឺមាន​វិស័យ​ចំនួន 3 ដែល​រង​ឥទ្ធិពល​ខ្លាំងជាងគេ ដោយសារ​វិស័យ​ទាំងនេះ​មានការ​ពឹងផ្អែក​ច្រើន​ទៅលើ​តម្រូវការ​ក្រៅប្រទេស។

លទ្ធផល​នៃ​កំណើត​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 ពិសេស​គឺ​បណ្ដា​វិស័យ​ដែល​ទាក់ទង​នឹង​តម្រូវការ​ក្រៅប្រទេស មានដូចជា វិស័យ​ទេសចរណ៍ វិស័យ​កម្មន្តសាល (Manufacturing) និង​វិស័យ​សំណង់។

វិស័យ​ទេសចរណ៍

ទេសចរណ៍​គឺជា​វិស័យ​មួយ​ដែល​បាន និង​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​បង្អស់​នៅ​កម្ពុជា ព្រោះតែ Covid-19 ដោយ​កំណើន​របស់​វិស័យនេះ បាន​ធ្លាក់ចុះ 9.7%។ អត្រា​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​បរទេស​គឺ​ប្រមាណ​ជា 80% ធៀប​នឹង​កំណើន 6.6% កាលពី​ឆ្នាំមុន។

វិស័យ​កម្មន្តសាល

ចំណែក​កំណើន​នៅក្នុង​វិស័យ​កម្មន្តសាល​វិញ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ដោយសារ​តម្រូវការ​ខាងក្រៅ​ត្រូវ​ថយចុះ។ តួលេខ​ពី​របាយការណ៍​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ របស់​កម្ពុជា បានឱ្យដឹងថា រោងចក្រ​ចំនួន 95 បាន​បិទទ្វារ ធ្វើឱ្យប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ជាង 5 ម៉ឺន​នាក់។ ផលិតផល​សម្រេច​ក្នុង​វិស័យនេះ បាន​ធ្លាក់ចុះ 27%។ ប៉ុន្តែ វិស័យនេះ​នៅមាន​សង្ឃឹម​ច្រើន​ដោយសារ​រោងចក្រ​ថ្មី ដែល​ភាគច្រើន​ជា​រោងចក្រ​កែច្នៃ​លោហ​ធា​តិ​ចំនួន 209 ត្រូវបាន​បង្កើតឡើង។

វិស័យ​សំណង់

តាមរយៈ​របាយការណ៍​ប្រចាំឆ្នាំ 2020 របស់​ធនាគារជាតិ​ក​ម្ពុ​ជា កំណើន​នៃ​វិស័យ​សំណង់​បាន​ធ្លាក់ចុះ 3% ដោយសារតែ​សកម្មភាព​វិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុន​ពី​បរទេស​ក្នុង​វិស័យនេះ ត្រូវបាន​កាត់បន្ថយ។ កំណើន​នៃ​ចំនួន​គម្រោង តម្លៃ និង​ផ្ទៃក្រឡា​នៃ​គម្រោង​សំណង់​ក៏បាន​ធ្លាក់ចុះ 0.5%, 25% និង 17% តាម​លំដាប់លំដោយ។

វិស័យ​កសិកម្ម

វិស័យ​កសិក្ម​ទទួលបាន​កំណើន​ជិត 1% ធៀប​នឹង​ឆ្នាំមុន ដោយសារតែ​កម្លាំង​ពលកម្ម​ក្នុង​វិស័យផ្សេងៗដែល​រង​ផលប៉ះពាល់​ពី Covid-19 បាន​ងាក​ចូលមក​វិស័យនេះ រួម​នឹង​ការធ្វើ​ពិពិធ​កម្ម​ទៅកាន់​វិស័យ​ក​សិ-ឧស្សាហកម្ម​របស់​រាជ​រដ្ឋាភិបាល៕

Advertisement